ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ទៅផឹកស្រារហូតដល់ស្រវឹងជោកជាំ លុះពេលត្រឡប់មកវិញ ក៏ផ្តាំលាឪពុក និងសុំឱ្យឪពុកជួយមើលថែប្រពន្ធកូនរបស់ខ្លួនផង បន្ទាប់មកក៏ចូលទៅសម្ងំចងកសម្លាប់ខ្លួននៅក្នុងផ្ទះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការផ្អើលឡើង កាលពីវេលាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២៤៦ ផ្លូវ៩៣ ក្រុម១៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះអាន សាវុធ អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានប្រពន្ធឈ្មោះសុខ ប៊ុនលី អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ និងមានកូនក្នុងបន្ទុកចំនួន២នាក់ សព្វថ្ងៃរស់នៅស្រុកកំណើតឯភូមិអង្ក្រង ឃុំអង្គសរ ស្រុកមេសាង ខេត្តព្រៃវែង។

តាមសម្តីបុរសជាឪពុករបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់បានទៅផឹកស្រារហូតដល់ស្រវឹងធ្លាក់ភ្នែក លុះពេលត្រឡប់មកដល់ផ្ទះវិញ ក៏ចេះតែនិយាយស្តីប្លែកៗ ដោយសុំលាគាត់ជាឪពុកហើយ លុះគាត់សួរថា លាទៅណា កូនប្រុសនេះមិនព្រមប្រាប់សោះ និងបានផ្តាំផ្ញើឱ្យគាត់ ជួយមើលថែប្រពន្ធកូនជំនួសគេផង។
ឪពុកជនរងគ្រោះ បានបន្តថា លុះពេលនិយាយចប់ កូនប្រុសនេះក៏ចូលទៅសម្ងំដេកនៅក្នុងផ្ទះបាត់ទៅ ស្រាប់តែបន្តិចក្រោយមក ក៏មានអ្នកជិតខាងប្រទះឃើញកូនប្រុសនេះ ចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលពេញភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានរាយការណ៍ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ឱ្យចុះមកពិនិត្យកោសលវិច័យ រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តព្រៃវែង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕