ខេត្តរតនគីរី ៖ យុវជន៤នាក់ បានជួបជុំគ្នាផឹកទឹកត្នោតជូរអស់៤លីត្រ រហូតដល់ស្រវឹងជោកជាំរៀងខ្លួន ស្រាប់តែយុវជន៣នាក់បានព្រួតគ្នា បង្អាប់យុវជនម្នាក់ រហូតធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នា និងធ្វើឱ្យយុវជនរូបនោះខឹងសម្បានឹងគេព្រួតគ្នាបង្អាប់ ក៏ស្ទុះទៅទាញដាវសាំម៉ូរ៉ៃ កាប់ប្រហារទៅលើគូទំនាស់ទាំង៣នាក់ បណ្តាលឱ្យម្នាក់ដាច់ដៃម្ខាង និងរងរបួសសុសពេញខ្លួនស្លាប់ក្នុងថ្លុកុឈាម ចំណែក២នាក់ទៀត រងរបួសធ្ងន់ស្រាល។

ករណីមនុស្សឃាតដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានស្រការនាគរបស់ក្រុមហ៊ុនដូនពេញអាគ្រីកូ ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់។
ជនរងគ្រាះដែលត្រូវជនដៃដល់កាប់ដាច់ដៃ និងរបួសសុសខ្លួន បណ្តាលឱ្យស្លាប់នៅនឹងកន្លែង មានឈ្មោះវ៉ាត់ អាយុ២៥ឆ្នាំ មុខរបរកម្មករ។ ចំណែកជនរងគ្រោះទាំង២នាក់ដែលរងរបួសធ្ងន់ស្រាល រួមមាន ទី១-ឈ្មោះភួង ភិន អាយុ២២ឆ្នាំ មុខរបរកម្មករ (រងរបួសធ្ងន់បញ្ជូន ទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្ត)។ និងទី២-ឈ្មោះឡេន មករា អាយុ២៣ឆ្នាំ មុខរបរកម្មករ (រងរបួសស្រាល)។ ជនរងគ្រោះទាំង ៣នាក់ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។ ដោយឡែកជនដៃដល់ ជាឃាតករ មានឈ្មោះសះ យូសុះ អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរ-អ៊ីស្លាម មុខរបរកម្មករ មានលំនៅក្នុងភូមិឃុំជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង៣នាក់ រួមនឹងជនដៃដល់ ដែលសុទ្ធសឹងជាកម្មករធ្វើការនៅក្នុងការដ្ឋានស្រការនាគជាមួយគ្នា បានជួបជុំគ្នាផឹកទឹកត្នោតជូរតាំងពីក្បាលព្រលប់ រហូតដល់ពាក់កណ្តាលយប់ ដោយផឹកអស់ទឹកត្នោតជូរ ប្រមាណ៥លីត្រ ធ្វើឱ្យស្រវឹងធ្លាក់ភ្នែកគ្រប់គ្នា។ បន្ទាប់ពីស្រវឹងទឹកត្នោតជូរជោកជាំ ជនរងគ្រោះទាំង៣នាក់ ក៏ព្រួតគ្នាបង្អាប់ជនរងគ្រោះលេង លុះត្រូវគេ៣នាក់ ព្រួតគ្នាបង្អាប់ខ្លួនតែម្នាក់ឯងបែបនេះ ទើបធ្វើឱ្យជនដៃដល់ដែលកំពុងស្រវឹងជោកជាំផង មានចិត្តប្រកាន់ខឹង ទើបធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នា។

ប្រភពដដែលបន្តថា បន្ទាប់មក ជនដៃដល់ក៏បានស្ទុះទៅទាញដាវសាំម៉ូរ៉ៃ កាប់ប្រហារទៅលើជនរងគ្រោះទាំង៣នាក់ទាំងកំរោល ដោយក្នុងនោះ ជនរងគ្រោះឈ្មោះវ៉ាត់ ត្រូវជនដៃដល់កាប់ចិញ្ច្រាំស្ទើរសុសសាច់ និងប្រឹងលើកដៃខាងឆ្វេងរង ក៏ត្រូវជនដៃដល់កាប់បណ្តាលឱ្យដាច់ត្រឹមកដៃ និងដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹងកន្លែងតែម្តង។ ចំណែកជនរងគ្រោះឈ្មោះភួង ភិន ទទួលរងរបួសធ្ងន់ រីឯឈ្មោះ ឡេន មករា រត់គេចទាន់ទើបគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ក្រោយកើតហេតុ បន្ទាប់ពីកាប់ប្រហារទៅលើជនរងគ្រោះទាំង៣នាក់ បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់រួចហើយ ជនដៃដល់បានព្យាយាមរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក។
បន្ទាប់ពីរត់គេចខ្លួនបាន១យប់ មកដល់វេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ជនដៃដល់ឈ្មោះសះ យូសុះ ត្រូវបានកម្លាំងអធិការស្រុកលំផាត់ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជ័យឧត្តម ចុះស្រាវជ្រាវ ចាប់ខ្លួនបាននាំយកទៅសាកសួរ។

ជនដៃដល់ជាឃាតករ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕