Tuesday, September 16, 2025
Homeតារាខ្មែរតារា២៥ដួង ដែលដឹកនាំដោយយូ ឌីស្កូ ធ្វើព្រឹត្តិការណ៍សង្ក្រាន្ត នៅវិទ្យាល័យព្រែកឯង

តារា២៥ដួង ដែលដឹកនាំដោយយូ ឌីស្កូ ធ្វើព្រឹត្តិការណ៍សង្ក្រាន្ត នៅវិទ្យាល័យព្រែកឯង

យូ ឌីស្កូ ដែលមិនទាន់ទទួលការងារសិល្បៈទាល់តែសោះ តាំងពីបានទៅប្តូរក្រលៀននៅប្រទេសឥណ្ឌា អស់ជាង៤ម៉ឺនដុល្លារ ដោយជោគជ័យនោះ ស្រាប់តែពេលនេះកំពុងត្រៀមដឹកដៃតារាចម្រៀង និងសម្តែង ចំនួន២៥ដួងផ្សេងទៀត ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅវិទ្យាល័យព្រែកឯង តាមរយៈការរៀបចំអង្គរសង្ក្រាន្តលើកដំបូង ជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ដែលកាន់តែខិតចូលមកកៀកនេះ។

ថ្នាក់ដឹកនាំនៃវិទ្យាល័យព្រែកឯង និងបុគ្គលិកក្រោមឱវាទទាំងអស់ រីករាយចំពោះសិល្បករដែលចូលរួមបង្កើតព្រឹត្តការណ៍ពិសេសនេះ ហើយកម្មវិធីនឹងរៀបចំនៅបរិវេណវិទ្យាល័យព្រែកឯង ផ្ទាល់តែម្តង។

តាមព័ត៌មានបានឱ្យដឹងថា ក្រុមតារាប្រុសស្រីដែលចូលរួមសង្ក្រាន្តនៅវិទ្យាល័យព្រែកឯង ពួកគេនឹងសម្តែងរបាំប្រពៃណីខ្មែរ ជាច្រើន យកមកបង្ហាញប្អូនៗសិស្សានុសិស្សនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ហើយការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងន័យចូលរួមថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្សតទៅ។

ចំពោះតារាចម្រៀងនិងសម្តែង ដែលលោកយូ ឌីស្កូ នឹងដឹកដៃទៅចូលរួមព្រឹត្តការណ៍សង្ក្រាន្តនៅវិទ្យាល័យព្រែកឯង នោះ មានដូចជា ៖ បេប៊ី, ឆ័យលី ដាឡែន, កែវ បូរ៉ា, ហេង ស្រីពេជ្រ, ម៉ារ៉ា ស្ទីណា, ចែម ស្រីលក្ខណ៍, នី ម៉ាលីណា, ឆោម ច័ន្ទនេត, ខែម ច័ន្ទតុលា, សន សុវណ្ណារ៉ា, Key Mo, ឡោ សុវណ្ណារ័ត្ន, យ៉េប រ៉ូហ្វាត, ជួន អមរិទ្ធ, បូ តាំងហៀង, ជ័យ សុវ៉ាត, យន សុភ័ក្រ, ម៉ែន អម្រុងរ័ត្ន, ស៊ីម ស៊ីណាត, ស៊ឹម សុវណ្ណារ័ត្ន, គន់ រៀមរតនៈ, អ៊ឹម ជីវ៉ា, ណុប ហេងទ្រី, ម៉ា ដូណា។

គួរបញ្ជាក់ថា យូ ឌីស្កូ ដែលបានរួចផុត គ្រោះថ្នាក់ដល់ជីវិត តាមរយៈការប្តូរក្រលៀនដោយជោគជ័យនៅឥណ្ឌា នោះ ពេលនេះមិនទាន់ទទួលការច្រៀងរាំ និងថតសម្តែងកុនដូចមុនឡើយ ព្រោះលោកថា រង់ចាំឱ្យសុខភាពល្អប្រសើរជាងនេះបន្តិចសិន ខណៈពេលនេះ គ្រូពេទ្យឥណ្ឌា បានហាមដាច់ខាតមិនឱ្យលោកឌីស្កូ ញ៉ាំសាច់គោ និងគ្រឿងសមុទ្រឡើយ។

ការបង្ហាញខ្លួនសម្តែងរបាំបុរាណខ្មែរ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តនៅវិទ្យាល័យព្រែកឯង គឺជាការបើកឆាកលើកដំបូងរបស់អតីតតារាចម្រៀងក្រុម F4 ខ្មែរ យូ ឌីស្កូ មុននឹងរូបគេលេចមុខថតកុន និងច្រៀងរាំជាថ្មីវិញ៕

RELATED ARTICLES