Friday, November 14, 2025
Homeព័ត៌មានជាតិឮសំឡេងស្រែកថ្ងូរម្តងហើយម្តងទៀត ឲ្យប្តីចុះមើល ពុទ្ធោ...

ឮសំឡេងស្រែកថ្ងូរម្តងហើយម្តងទៀត ឲ្យប្តីចុះមើល ពុទ្ធោ…

ខេត្តកណ្តាល ៖ បុរសម្នាក់រាយខ្សែភ្លើងឆក់កណ្តុរ ស្រាប់តែអកុសល បែរជាឆក់ខ្លួនឯងបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកតាជរ័ ឃុំស្វាយប្រទាល ស្រុកស្អាង។

បុរសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះចក់ ចាប អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះឡឹម សុខរ៉ា ដែលរស់នៅភូមិជាមួយគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦និង៣០ នាទីព្រលប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ កំពុងអង្គុយនៅផ្ទះរបស់ខ្លួនជិតនោះ ស្រាប់តែបានឮសំឡេងមនុស្សស្រែកថ្ងូរ ២-៣ដង ហើយគាត់ក៏បានប្រាប់ប្តីរបស់គាត់ ឈ្មោះសុទ្ធ ផា ឱ្យទៅមើល ក៏ឃើញឈ្មោះចក់ ចាប ដេកដួលនៅលើដី ពេលនោះឈ្មោះសុទ្ធ ផា បានស្រែកហៅថា ពូចាបៗ បាន២-៣ម៉ាត់ តែមិនឮឆ្លើយតប គាត់ក៏បានកាន់ពិលដើរទៅមើល ឃើញឈ្មោះចាប ដេកផ្ងារ ដៃខាងស្តាំកាន់ខ្សែលួស ពេលនោះគាត់ក៏បានដោះក្រចាប់ចេញពីក្បាលអាគុយ ហើយបានទូរសព្ទ័ប្រាប់ម្តាយក្មេកគាត់ ឱ្យទៅប្រាប់ប្រពន្ធជនរងគ្រោះតែម្តង។

បន្ទាប់មកកម្លាំងប៉ុស្តិ៍បានទទួលព័ត៌មាន ក៏បានសហការជាមួយ កម្លាំងជំនាញពិនិត្យ កម្លាំងស្រុក ពេទ្យឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ ចុះធ្វើការពិនិត្យសពមានស្លាកស្នាមខ្លោចដៃស្តាំ ចំនួនមួយកន្លែង ស្នាមដាច់មុតចុងចិញ្ចើមខាងស្តាំ ប្រវែង២,៥សង់ទីម៉ែត្រ គុណនឹង០,៥សង់ទីម៉ែត្រ ស្នាមខ្មៅក្រៀមលើស្មា ខាងឆ្វេងប្រវែង០,៣សង់ទីម៉ែត្រតូចឆ្មារ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតគួរឱ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ដែលជនរងគ្រោះរាយដើម្បីឆក់សត្វកណ្តុរ។

ជាមួយនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ១-អាគុយម៉ាក JP កម្លាំង៥០អំពែ ចំនួន១គ្រាប់ ២-អាំងវ៉ាទរ័ចំនួន១គ្រឿង
៣-ដង្គៀបចាប់អាគុយចំនួន២ (ក្រហមខ្មៅ) និង៤-ខ្សែលួសប្រវែង២២៧ម៉ែត្រ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្បតាមប្រពៃណី៕

RELATED ARTICLES