ខេត្តស្វាយរៀង ៖ ប្តីប្រពន្ធ២នាក់ បានស្រែកទ្រហ៊ោយំបោកខ្លួន និងបន្ទោសខ្លួនឯងថា មានការធ្វេសប្រហេសតែមួយប៉ព្រិចភ្នែក បណ្តាលឱ្យកូនស្រីជាទីស្រលាញ់បាត់បង់ជីវិត ធ្វើឱ្យមានវិប្បដិសារីអស់មួយជិវិត ខណៈដែលកូនស្រីទើបតែមានអាយុមួយខួបកន្លះ យកដៃទៅចាប់កាន់ព្រីភ្លើងបណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍។
ក្មេងស្រីដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះភា យុនហ៊ី អាយុ១ខួបកន្លះ មានឪពុកឈ្មោះសិន សម្ភស្ស អាយុ៣៥ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះគង់ សារឿន អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតហ បានឱ្យដឹងថា នៅមុនកើតហេតុ ឪពុកក្មេងស្រីរងគ្រោះបានប្រឡែងលេងជាមួយកូនស្រី លុះមួយសន្ទុះក្រោយមក ក៏បានដាក់កូនស្រីឱ្យរត់លេងនៅដី ប្រមាណកន្លះម៉ោង ស្រាប់តែកូនស្រី បានទៅចាប់កាន់ព្រីភ្លើង ធ្វើឱ្វឆ្យង្លចរន្ត បណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម ហើយភ្លាមៗនោះ ឪពុកម្តាយក្មេងស្រីរងគ្រោះ បានស្ទុះទៅជួយសង្គ្រោះកូនស្រីដែរ ប៉ុន្តែអកុសល ហួសពេលទៅហើយ ដោយកូនស្រីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ធ្វើឱ្យឪពុកម្តាយយំសោកបោកខ្លួនបន្ទោសខ្លួនឯងយ៉ាងខ្លាំង ព្រោះតែមានការធ្វេសប្រហែសតែមួយប៉ព្រិចភ្នែក ធ្វើឱ្យបាត់បង់កូនស្រីជាទីស្រលាញ់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕