Friday, November 14, 2025

ស្បថផេះ

មន្ត្រីប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់​ ច្រកទ្វារអន្តរជាតិជាំ និងច្រកជប់គគីរ ខេត្តឧត្តរមានជ័យ បានខ្សឹបឱ្យឮតាម “នគរធំ“ ថា លោកឈុន សុភមង្គល ដែលទើបនឹងឡើងកាន់តំណែងជាមេគយ ប្រចាំខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗ និងថែមទាំងបានស្បថសច្ចាថា មិនប្រព្រឹត្តអំពើពុករលួយ សូម្បីតែ១រៀលនោះ ពេលនេះហាក់ភ្លេចត្រចៀក បាត់ការចងចាំរឿងស្បថស្បែនោះអស់ហើយ ព្រោះតែកំពុងបើកដៃឱ្យឈ្មួញធំៗ សម្រុកនាំចូលទំនិញគេចពន្ធ បង់ពន្ធ មិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ និយាយរួម ពាក្យសម្បថពីមុន ក្លាយជាផេះអស់ហើយ… ស្បថផេះ !…។

ប្រភពដដែលបានខ្សឹបឱ្យឮថា ចាប់តាំងពីលោកឈុន សុភមង្គល ឡើងកាន់តំណែងជាប្រធានសាខាគយខេត្តឧត្តរមានជ័យ មក គឺក្រុមឈ្មួញសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ និងទំនិញខុសច្បាប់ កាន់តែច្រើនជាងមុនទៅទៀត ព្រោះតែលោកឈុន សុភមង្គល  បានគុបគិតបើកភ្លើងខៀវឱ្យប្រធានការិយាល័យគយតាមច្រកព្រំដែន បង្កព្យុះភ្លៀងតាមតែអំពើចិត្ត។ ជាក់ស្តែងនៅច្រកទ្វារអន្តរជាតិ អូរស្មាច់ ក្រុងសំរោង ឈ្មួញធំៗមួយចំនួន នៅតែបន្តនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគឃ្លើន ព្រោះមានការបើកដៃ ពីលោកគួន សុភាព ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់។ ហើយការដែលលោកគួន សុភាព ហ៊ានធ្វើអ្វីៗតាមទំនើងចិត្តនេះ ដោយសារមានភ្លើងខៀវពីលោកឈុន សុភមង្គល ទើបអ្វីៗអាចដំណើរការដោយរលូនបែបនេះ។

ប្រភពខាងលើ បានខ្សឹបបន្តថា លោកឈុន សុភមង្គល កំពុងយកមេរៀននៃអំពើពុករលួយ កាលនៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង មកអនុវត្តនៅក្នុងទឹកដីថ្មីខេត្តឧត្តរមានជ័យ ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះមានខ្នងបង្អែកចាប់ការពារយ៉ាងរឹងមាំ។ ជាក់ស្តែង នៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ទំនិញដែលឈ្មួញធំៗនាំចូលពីប្រទេសថៃ គឺបង់ពន្ធត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះ គឺឈ្មួញគប់គិត បែងចែកផល ប្រយោជន៍លើតុ ក្រោមតុជាមួយមន្ត្រីគយពុករលួយ…ធំស៊ីតាមធំ តូចស៊ីតាមតូច…។

ប្រភពខាងលើ បានខ្សឹបឱ្យឮទៀតថា  ដោយឡែកនៅច្រកជប់គគីរ ស្រុកបន្ទាយអំពិល ឯណោះវិញ តាំងពីលោកឈុន សុភមង្គល ទទួលបានតំណែងជាប្រធានសាខាគយខេត្តឧត្តរមានជ័យ មកឃើញថា ឈ្មួញនាំចូលប្រេងសាំង គេចពន្ធ តាមច្រកមួយនេះ កាន់តែច្រើនឡើងទ្វេដង ព្រោះតែមានការគប់គិត ដោយផ្ទាល់ពីលោកឈុន សុភមង្គល។ មិនតែប៉ុណ្ណោះ លោកឈុន សុភមង្គល ថែមទាំងបានស៊ុមគ្រលុំជាមួយមន្ត្រីគយចល័តក្នុងខេត្ត ដើម្បីប្រមូលលុយចែកគ្នា ធ្វើមានធ្វើបានយ៉ាងសុខស្រួលទៀតផង… ចែកគ្នាស៊ីជាមួយគយចល័ត។

ប្រភពខាងលើបានខ្សឹបបន្តថា កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងថ្មី ជាប្រធានសាខាគយ និងរដ្ឋាករប្រចាំខេត្តឧត្តរមានជ័យ លោកឈុន សុខមង្គល បានស្បថសច្ចាយ៉ាងម៉ឺងម៉ាត់ថា នឹងមិនប្រព្រឹត្តអំពើពុករលួយ សូម្បី១រៀល។ លោកថា នឹងអនុវត្តទៅតាមបាវចនា២ និងអភិក្រម៥ ដែលជាយុទ្ធសាស្ត្រ ឈ្នះៗ គោលនយោបាយដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចហ៊ុន សែន។ តែក្រោយពេលឡើងកាន់តំណែង ពាក្យសម្បថ ក៏ក្លាយជាផេះអស់ ព្រោះលុយហូរចូលគ្រប់ច្រកទាំងអស់ និងតែងប្រើប្រាស់ឈ្មោះមេគយធំៗ ក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងក្រអឺតក្រទម ហើយគាបសង្កត់យ៉ាងខ្លាំងទៅលើមន្ត្រីក្រោមឱវាទ ហេស ! ហេ ! លុយហូរចូលដូចទឹក តែចេះយកមកទប់នៅខាងលើខ្លះ រស់យ៉ាងរំភើយ។

យ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណាទេ ព្រោះមិនអាចទាក់ទងសុំការបំភ្លឺពីលោកឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានទេ កាលពីម្សិលមិញ យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES