Tuesday, September 16, 2025
Homeតារាខ្មែរខាត់ សុឃីម ដំឡើងថ្លៃ៥០ភាគរយ ធ្លាក់ចំណូល

ខាត់ សុឃីម ដំឡើងថ្លៃ៥០ភាគរយ ធ្លាក់ចំណូល

ខាត់ សុឃីម ដែលត្រូវគេចាត់ទុកថា ជាតារាពហុជំនាញនោះ នៅរដូវក្តៅនេះ អ្នកនាងតែងតែហៅថាជា “រដូវផ្ការីក” ព្រោះលុយចូលរាល់ថ្ងៃសម្រាប់អ្នកនាង ទាំងសម្អាងការ ច្រៀងការ និងកាត់សក់ផ្សេងៗទៀត។

ប្រភពបានឱ្យដឹងថា ក្នុង១រដូវក្តៅ សុឃីម អាចកើបលុយបានខ្ទង់សែនដុល្លារ ក្នុង១ឆ្នាំៗ បើទោះជាចុងក្រោយនេះ សុឃីម អាក់ខានចេញទៅច្រៀងសម្តែងនៅក្រៅស្រុកក៏ដោយ។

តារាបានប្តីក្មេង ខាត់ សុឃីម ប្រាប់ថា “និយាយទៅ ចំណូលសម្អាងការហ្នឹងមិនទៀងដែរ ហើយឆ្នាំហ្នឹង រាងធ្លាក់ចុះពីមុនបន្តិច។ ខ្ញុំបាត់ប្រាក់ចំណូលខ្លះដែរ ព្រោះអីបាត់អតិថិជនមួយចំនួន ដោយសារតែខ្ញុំបានឡើងថ្លៃ៥០% សម្រាប់ឆ្នាំនេះ អ៊ីចឹងបាត់ម៉ូយខ្លះៗ។ ប៉ុន្តែអតិថិជនល្អ រាប់អានគ្នាជាយូរឆ្នាំមកហើយ គេនៅតែជួលក្រុមខ្ញុំអ៊ីចឹង ហើយមូលហេតុដែលសម្អាងការខ្ញុំឡើងថ្លៃ នៅឆ្នាំហ្នឹង ព្រោះការចំណាយលើបុគ្គលិករបស់ខ្ញុំ ក៏ឡើងថ្លៃជាងមុនដែរ អ៊ីចឹងបើយើងមិនឡើងថ្លៃទេ ម៉េចនឹងបានទៅ”?

អ្នកនាងបន្តថា “ចំណែករឿងចេញទៅច្រៀង សម្តែងនៅក្រៅស្រុកវិញ គឺមាន៣ប្រទេស ទាក់ទងមកខ្ញុំឆ្នាំហ្នឹង ក្នុងនោះ មានអាមេរិក , អូស្ត្រាលី និងជប៉ុន តែខ្ញុំមិនទាន់ច្បាស់លាស់ថា នឹងចេញទៅច្រៀង សម្តែងនៅប្រទេសណាទេ ព្រោះអីខ្ញុំនៅមានគោលការណ៍របស់ខ្ញុំរក្សាដដែល គឺបើខ្ញុំចេញទៅច្រៀងសម្តែងនៅបរទេស គឺទាល់តែចេញទៅទាំងក្រុមបងប្អូនរបស់ខ្ញុំ ទាំង៧នាក់ ទើបខ្ញុំទៅ បើគេចង់បានតែខ្ញុំម្នាក់ ខ្ញុំអត់ទៅទេ នេះជាគោលការណ៍របស់ខ្ញុំ”។

ខាត់ សុឃីម ស្ថិតក្នុងចំណោមតារាបានប្តីក្មេង មានដូចជា អ្នកនាងគង់ សុជាតិ និងឆ័យលី ដាឡែន ជាដើម ហើយការចាប់ដៃជាមួយប្តីក្មេង ផាណូ ៧ឆ្នាំនេះ សុឃីម បានឱ្យដឹងថា ធ្វើឱ្យអ្នកនាងមានភាពកក់ក្តៅក្នុងបេះដូង និងបានយល់ច្បាស់ចំពោះអ្វីដែលជាស្នេហាពិត៕

RELATED ARTICLES