ភ្នំពេញ ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតតាមខ្សែទឹក និងបានមកទើលើកំប្លោក ក្បែរផ្ទះបណ្តែតទឹក១កន្លែង ក្បែរស្ពានព្រះមុនីវង្ស ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី១ ដើម្បីចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ។

ហេតុការណ៍ប្រទះឃើញសាកសពអណ្តែតទឹកខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចទឹកទន្លេបាសាក់ ក្បែរស្ពានព្រះមុនីវង្សច្បារអំពៅ ស្ថិតក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
សាកសពជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណពី៣០ទៅ៤០ឆ្នាំ ស្លៀកខោខ្លីហោប៉ៅ៦ ពណ៌ប្រផេះ ពាក់អាវឆ្នូតសដៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងប្រុសម្នាក់អាយុ១២ឆ្នាំ បានប្រទះឃើញសាកសពខាងលើ អណ្តែតតាមខ្សែទឹកទន្លេបាសាក់ មកទើនៅលើកំប្លោក ក្បែរផ្ទះទឹក១កន្លែង នៅជិតនឹងស្ពានព្រះមុនីវង្សច្បារអំពៅ ទើបប្រញាប់ប្រាប់ប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើល និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅទី១ ដើម្បីចុះមកធ្វើការពិនិត្យ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះភ្លាម លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ រួមនិងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី១ ចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ ដោយបានឱ្យប្រជាពលរដ្ឋស្រង់សាកសពខាងលើឡើងមកលើគោក ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងបានធ្វើកំណត់ហេតុ ដឹកសាកសពខាងលើតាមរថយន្តសាមុយ យកទៅបូជានៅវត្តច្បារអំពៅ និងទុកធាតុសាកសពរបស់បុរសខាងលើ រក្សាទុកឱ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ហើយប្រសិនបើបងប្អូនណាបានបាត់សមាជិកក្រុមគ្រួសារ ដែលមានភិនភាគខាងលើ សូមមកទំនាក់ទំនងជាមួយអាជ្ញាធរប៉ុស្តិ៍ និងសង្កាត់ច្បារអំពៅទី១ ដើម្បីមកទទួលយកធាតុទៅធ្វើបុណ្យតាមប្រពៃណី៕