Friday, November 14, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! គាស់រាប់ម៉ោង ទម្រាំតែបានសពគាត់ចេញក្នុងរថយន្ត

ពុទ្ធោ!!! គាស់រាប់ម៉ោង ទម្រាំតែបានសពគាត់ចេញក្នុងរថយន្ត

ខេត្តកំពង់ចាម ៖ រថយន្ត២គ្រឿង បានបើកបុកគ្នាយ៉ាងពេញទំហឹង កណ្តាលស្ពានគីហ្សូណា ទាំងកណ្តាលរាត្រី បណ្តាលឱ្យតៃកុង រថយន្តម្ខាងកៀបស្លាប់ក្នុងកាប៊ីនយ៉ាងអាណោចអាធ័ម និងត្រូវបានក្រុមសង្គ្រោះចំណាយពេលអស់ជាច្រើនម៉ោង ទម្រាំគាស់យកសាកសពចេញ មកក្រៅបាន ចំណែកអ្នករួមដំណើរក្នុងរថយន្តទាំង២គ្រឿង ចំនួន៧នាក់ទទួលរងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅចំណុំចលើស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តទំនើបម៉ាក FORD ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខភ្នំពេញ 2AK-3517 បុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0153 ជារថយន្តដឹកមាន់។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ភាគីរថយន្តទំនើបម៉ាក FORD បើកបរដោយឈ្មោះរិទ្ធី មន្នីរៈ ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិលេខ៥ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (កៀបស្លាប់ក្នុងកាប៊ីនរថយន្តយ៉ាងរន្ធត់) និងមានអ្នករួមដំណើរចំនួន៣នាក់ រួមមាន ទី១-ឈ្មោះឡុង បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសស្រាល) ទី២-ឈ្មោះម៉េង អ៊ាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងទី៣-ឈ្មោះតុង ស៊ាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិលេខ៣ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មំ (របួសធ្ងន់)។

ប្រភពដដែលបន្តថា ចំណែកភាគីរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយឈ្មោះសូម សូទី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) មានអ្នករួមដំណើរចំនួន៣នាក់ ទី១-ឈ្មោះហ៊ាត សំរី ភេទប្រុស អាយុ២១ឆ្នាំ (របួសស្រាល) ទី២-ឈ្មោះអ៊ី សារ៉ានី ភេទប្រុស អាយុ៣៤ឆ្នាំ (របួសស្រាល) និងទី៣-ឈ្មោះហ៊ាត ទ្រី ភេទប្រុស អាយុ១៧ឆ្នាំ (របួសស្រាល)។ អ្នកទាំង៣ មានលំនៅក្នុងភូមិឃុំជាមួយអ្នកបើកបររថយន្តដែរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទំនើបម៉ាក FORD បានបើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៧ ឡើងមកលើស្ពានគីហ្ស៊ូណា។ ចំណែករថយន្តហ៊ីយ៉ាន់ដាយ ដឹកមាន់ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ឡើងមកលើស្ពានគីហ្សូណាដែរ។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ (កណ្តាលស្ពានគីហ្សូណា) ស្រាប់តែរថយន្តទាំង២គ្រឿង បានជ្រុលបុកគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តទំនើបម៉ាក FORD រងការខូចខាតយ៉ាងដំណំ និងកៀបអ្នកបើកបរឈ្មោះរិទ្ធី មន្នីរៈ ជាប់ក្នុងរថយន្ត បណ្តាលឱ្យស្លាប់យកសពចេញមិនកើត និងត្រូវបានក្រុមជំនាញប្រើពេលវេលារាប់ម៉ោង រហូតដល់ព្រឹកថ្ងៃដដែល ទើបអាចគាស់យកសាកសពចេញមកក្រៅបាន។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកមាន់ ក៏ទទួលរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា និងធ្វើឱ្យអ្នកជិះក្នុងរថយន្តទាំង២គ្រឿង សរុបមានចំនួន៧នាក់ បានទទួលរងរបួសធ្ងន់ស្រាល និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ចាត់បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗ។ ដោយឡែក រថយន្តទាំង២គ្រឿង ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងរួចរាល់ ក៏អូសុយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។

លោកវរសេនីយ៍ទោ ស៊ាម យូសេង បញ្ជាក់ថា ក្រោយកើតហេតុនគរបាលបានជួយសំរួលចរាចរណ៍នៅលើស្ពាន តាមបញ្ជារបស់លោកអធិការនគរបាលក្រុងកំពង់ចាម និងលោកស្នងការនគរបាលខេត្ត ដើម្បីកុំឱ្យកកស្ទះ តែសំណាងយប់ មិនសូវមានពលរដ្ឋធ្វើដំណើរ។

ចំណែកសពជនរងគ្រោះកៀបជាប់ក្នុងរថយន្តត្រូវបានគាស់យកសពចេញនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ និងត្រូវបានក្រុមគ្រួសារ ដឹកតាមរថយន្តសាមុយយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ  ករណីគ្រោះថ្នាក់នេះកើតឡើងដោយសារតែការបើកបររបស់រថយន្តទំនើបម៉ាក FORD មិនប្រកាន់ស្តាំ ទើបបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងយ៉ាងដូច្នេះ៕

RELATED ARTICLES