ភ្នំពេញ ៖ បុរសកំហូចម្នាក់ បានខ្ចីម៉ូតូអ្នករួមការងារយកទៅបញ្ចាំបានលុយលេងល្បែងចាញ់អស់គ្មានសល់ម្តងរួចមកហើយ តែម្ចាស់ម៉ូតូខ្ជិលមានរឿងវែងឆ្ងាយ ក៏សុខចិត្តចំណាយលុយខ្លួនឯង ទៅលោះម៉ូតូយកមកវិញ លុះឃើញម្ចាស់គេមិនមាត់ ក៏ខ្ចីម៉ូតូគេជាលើកទី២ ភូតថា ជិះទៅមើលឡានគេ រួចក៏ដាក់បញ្ចាំម្តងទៀត ទើបម្ចាស់ម៉ូតូទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ជនឆបោកវាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីឆបោកម៉ូតូអ្នករួមការងារទៅបញ្ចាំនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង នៅចំណុចផ្លូវលេខ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ លុះមកដល់វេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ពេលវិលមកយានដ្ឋានវិញ ក៏ត្រូវម្ចាស់ម៉ូតូក៏បានប្តឹងនគរបាលឱ្យចាប់ខ្លួនតែម្តង។
ជនឆបោកដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះយ៉េន ថា អាយុ៣៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះទិត ជួន អាយុ២០ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅយានដ្ឋានខាងលើ និងមានលំនៅផ្ទះលេខ៣១ ផ្លូវលំ ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល។ រីឯម៉ូតូដែលជនសង្ស័យឆបោកយកទៅបាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-5126។

តាមសម្តីជនរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា គាត់ និងជនសង្ស័យខាងលើ គឺជាអ្នករួមការងារជាមួយគ្នាក្នុងយានដ្ឋានជួសជុលខាងលើ។ នៅមុនពេលកើតហេតុ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់យកទៅជិះ រួចក៏បែកគំនិតយកទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវ យកលុយ៥០០ដុល្លារ លេងល្បែងចាញ់អស់។ លុះពេលត្រឡប់មកវិញ ក៏ហុចលុយឱ្យគាត់ចំនួន១៥០ដុល្លារ ដើម្បីឱ្យទៅលស់ម៉ូតូត្រឡប់មកវិញ ចំណែកគាត់ដោយមិនចង់មានរឿងវែងឆ្ងាយ ក៏បន្ថែមលុយហោប៉ៅខ្លួនឯង ដើម្បីទៅលស់ម៉ូតូយកមកប្រើប្រាស់វិញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ បន្តថា លុះមកដល់រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យក៏បានខ្ចីម៉ូតូរបស់គាត់ម្តងទៀត ដោយប្រាប់ថា ទៅមើលរថយន្តឱ្យគេ បែរជាយកទៅបញ្ចាំនៅម្តុំផ្សារជម្ពូវ័ន បានលុយយកទៅលេងល្បែងចាញ់អស់ ជាលើកទី២។ លុះមកដល់ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យក៏លេចមុខត្រឡប់មកយានដ្ឋានវិញ ទើបគាត់សម្រេចប្តឹងនគរបាលឱ្យចាប់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាយកម៉ូតូរបស់អ្នករួមការងារទៅបញ្ចាំ បានលុយ៥០០ដុល្លារ តែចាញ់ល្បែងបញ្ជល់មាន់អស់ហើយ។ លុះឃើញលើកទី១ ម្ចាស់គេមិនមាត់ ក៏ញៀនញ៉ាមធ្វើសកម្មភាពជាលើកទី២ ក៏ត្រូវម្ចាស់ម៉ូតូប្តឹងប៉ូលិសចាប់ តែម្តង។

ជនសង្ស័យត្រូវបានឃាត់ខ្លួននាំទៅប៉ុស្តិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕