ខេត្តរតនគិរី ៖ បុរស២នាក់ ជាឪពុកក្មេក និងកូនប្រសានឹងគ្នា បាននាំគ្នាចូលទៅកាប់ដើមឈើ ដើម្បីរៀបចំធ្វើចម្ការ ស្រាប់តែអកុសល ពេលកាប់ដើមឈើរលំ ក៏ស្រាប់តែបាក់មកសង្កត់បុរសជាឪពុកក្មេកបណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអធ័ម ចំណែកយុវជនជាកូនប្រសារ សំណាងល្អ បានរួចរស់ជីវិត គ្រាន៉តែទទួលរងរបួសស្រាលប៉ុណ្ណោះ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុច អូរត្រាងខាងត្បូង ឈៀងខាងលិចចម្ងាយ២គីឡូម៉ែត្រ ពីភូមិប៉ាជន់ ឃុំឯកភាព ស្រុកអូរជុំ។

ជនរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះយ៉ូត ប៉ូញ អាយុ៣៨ឆ្នាំ ជាជនជាតិទំពួន មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ (ស្លាប់នៅនឹកន្លែង) និងទី២-ឈ្មោះឡេង ភី អាយុ១៨ឆ្នាំ ជាជនជាតិទំពួន រងរបួសស្រាល មានលំនៅជាមួយគ្នា និងត្រូវជាកូនប្រសាអ្នកស្លាប់ (រងរបួសស្រាល)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ឪពុកក្មេក និងកូនប្រសា បាននាំគ្នាទៅកាប់ដើមឈើដើម្បីដុតធ្វើចម្ការ ដូចសព្វមួយដង លុះក្រោយពីកាប់ដើមឈើដួលរលំហើយនោះ មិនដឹងជាយ៉ាងម៉េច ស្រាប់តែភ្លាត់ស្នៀត រលំសង្កត់ត្រូវបុរសជាឪពុកក្មេក បណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេច ចំណែកយុវជនជាកូនប្រសា សំណាងល្អរត់គេចចេញទាន់ ទើបបានរួចរស់ជីវិត គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យសាកសព ហើយនឹងសាកសួរជុំវិញកន្លែងកើតហេតុឃើញថា ជនរងគ្រោះខាងលើ ពិតជារលំដើមឈើធ្វើចម្ការដួលសង្កត់បណ្តាលឱ្យស្លាប់ខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើលិខិតប្រគល់ទៅឱ្យបងប្អូនជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចទំពួន ផងដែរ៕