Friday, November 14, 2025
Homeព័ត៌មានជាតិកូនអុជធូបបន់ស្រន់ឲ្យម្តាយឆាប់ជា នាំគ្នាចុះមកក្រោមផឹកសុី ផ្ទះឆេះម៉ដ្ឋ

កូនអុជធូបបន់ស្រន់ឲ្យម្តាយឆាប់ជា នាំគ្នាចុះមកក្រោមផឹកសុី ផ្ទះឆេះម៉ដ្ឋ

ខេត្តព្រៃវែង ៖ ក្រុមគ្រួសារមួយ ទើបនឹងបញ្ចប់ពិធីសែនឆេងម៉េងដល់ដូនតា ក៏នាំគ្នាឡើងទៅអុជធូបនៅលើអាសនៈ ដើម្បីបន់ស្រន់សុំសេចក្តីសុខ និងសុំឱ្យម្តាយដែលកំពុងមានជំងឺឆាប់បានជាសះស្បើយ រួចក៏នាំគ្នាចុះមកផឹកស៊ីនៅខាងមុខផ្ទះ ស្រាប់តែក្រោយមក ភ្លើងទានបានឆេះរាលដល់ផ្ទះទាំងមូល បណ្តាលឱ្យទទួលរងការខូចខាតទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍។

ផ្ទះដែលទទួលរងការឆាបឆេះគ្មានសល់ មានទំហំ៦ម៉ែត្រ គុណនឹង ១៤ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះតឹក ចាន់ ភេទស្រី អាយុ៧២ឆ្នាំ មុខរបរជាគ្រូចូលរូប ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះអ៊ី សុធី អាយុ៤៩ឆ្នាំ ត្រូវជាកូនស្រីរបស់លោកយាយជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា ម្តាយរបស់គាត់ជាគ្រូចូលរូប ហើយមានរៀបអាសនៈធំមួយនៅលើផ្ទះ ប៉ុន្តែដោយសារតែម្តាយមានវ័យចាស់ណាស់ទៅហើយ និងថ្មីៗនេះ ម្តាយរបស់គាត់ឈឺច្រើនទៀត ទើបគាត់ជាកូនបានយកម្តាយទៅនៅជាមួយ គឺនៅផ្ទះទល់មុខគ្នា ដើម្បីងាយស្រួលមើលថែម្តាយ ដោយទុកផ្ទះនោះចោល។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ កូនៗនៅភ្នំពេញ បាននាំគ្នាមកស្រុកជួបជុំបងប្អូន និងសែនឆេងម៉េង ហើយនៅវេលាម៉ោង១០ព្រឹក ក្រោយពីសែនផ្នូរដូនតារួចហើយ កូនៗក៏នាំគ្នាឡើងទៅអុជទៀនធូបបន់ស្រន់នៅអាសនៈគ្រូរបស់ម្តាយ ដោយសុំឱ្យជួយម្តាយបានជាសះស្បើយពីជម្ងឺ លុះពេលអុជធូបបន់ស្រន់រួច ក៏នាំគ្នាចុះមកផឹកស៊ីជួបជុំបងប្អូននៅក្រោមដើមស្វាយខាងមុខផ្ទះ ដោយមិនបានពន្លត់ភ្លើងទៀននៅមុខអាសនៈគ្រូនោះទេ។ ស្រាប់តែមកដល់ម៉ោងកើតហេតុខាងលើ ក៏ឃើញភ្លើងឆេះចេញពីខាងក្នុងផ្ទះ ធ្វើឱ្យមានការផ្អើលឆោឡោ នាំគ្នាជួយពន្លត់តែមិនឈ្នះ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ តែយឺតពេលទៅហើយ ព្រោះអណ្តាតភ្លើងបានឆេះផ្ទះអស់គ្មានសល់។ ចំណែករថយន្តពន្លត់អគ្គិភ័យបានត្រឹមបាញ់ទឹកពន្លត់ ទប់ស្កាត់មិនអោយភ្លើងឆេះរាលដាលដល់ផ្ទះអ្នកជិតតែប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះ គេនៅមិនទាន់អាចប៉ាន់ស្មានពីទំហំនៃការខូចខាតបាននៅឡើយ៕

RELATED ARTICLES