Tuesday, September 16, 2025
Homeតារាខ្មែរមាស សុខសោភា ស្តាយមិនបានចូលរួមមង្គលការឱក សុគន្ធកញ្ញា

មាស សុខសោភា ស្តាយមិនបានចូលរួមមង្គលការឱក សុគន្ធកញ្ញា

តារាចម្រៀងមាស សុខសោភា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការខកខានមិនបានចូលរួមមង្គលការតារាចម្រៀងឱក សុគន្ធកញ្ញា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។ ចំពោះមូលហេតុដែលធ្វើឱ្យមាស សុខសោភា ខកខានបណ្តើរគូស្នេហ៍លោកអ៊ឹត រ៉ាដា ទៅចូលរួមអបអរសាទរមង្គលការឱក សុគន្ធកញ្ញា នោះ ដោយសារតែនាងជាប់ចេញទៅច្រៀងសម្តែងនៅប្រទេសកាណាដា រយៈពេលដល់ទៅ៣ខែ ហេតុនេះហើយបានជាធ្វើឱ្យសោភា មិនអាចត្រឡប់មកញ៉ាំការសុគន្ធកញ្ញា ទាន់ពេលវេលា។  

មាស សុខសោភា ថ្លែងថា “ខ្ញុំបានប្រាប់គាត់ (សុគន្ធកញ្ញា) ហើយថា ខ្ញុំមិនបានទៅចូលរួមការគាត់ទេ ព្រោះអីជាប់ច្រៀងនៅកាណាដា ដល់ទៅ៣ខែ អ៊ីចឹងមកវិញអត់ទាន់ទេ។ ខ្ញុំនឹងចេញទៅច្រៀងនៅប្រទេសកាណាដា នៅក្រោយចូលឆ្នាំខ្មែរ ក្នុងស្រុកយើងនេះ ព្រោះអីនៅកាណាដា គេនៅតែប្រារឰចូលឆ្នាំខ្មែរ អ៊ីចឹងទោះជាយើងចប់ហើយក្តី។ ខ្ញុំស្តាយដែរ ដែលមិនបានចូលរួមមង្គលការឱក សុគន្ធកញ្ញា ជាមិត្តភ្តិរបស់ខ្ញុំរាប់អាន និងធ្វើការជាមួយគ្នាយូរមកហើយ”។

សម្រាប់បុណ្យចូលឆ្នាំខ្មែរ ៣ថ្ងៃនេះ មាស សុខសោភា នឹងទៅច្រៀង៣ខេត្ត-ក្រុងផ្សេងគ្នា គឺខេត្តកំពត, បន្ទាយមានជ័យ និងស្វាយរៀង។ ចំពោះបទចម្រៀងសម្រាប់បុណ្យចូលឆ្នាំខ្មែរនេះ មាស សុខសោភា បានឱ្យដឹងថា នាងមានសង្ឃឹមបទ“រលឹមប្រុយៗ”ព្រោះបទនេះមានគេនិយមចាក់ស្តាប់ និងរាំកម្សាន្តច្រើននៅពេលចូលឆ្នាំខ្មែរនេះ។

ដោយឡែកសម្រាប់ការច្រៀងសម្តែងនៅក្រៅស្រុកវិញ សោភា ថា មានគេទាក់ទងច្រើន តែនាងបានជ្រើសរើសយកប្រទេសកាណាដា ព្រោះនាងមានបងប្អូននៅទីនោះ ដែលអាចជូនដើរលេងកម្សាន្តផងដែរ ពេលដែលសម្រាកពីការច្រៀងសម្តែងនោះ។

មាស សុខសោភា បន្ថែមថា “ខ្ញុំចេញទៅច្រៀងនៅកាណាដា ហ្នឹង ដោយសារខ្ញុំមានបងប្អូននៅទីនោះអាចសម្រាក និងដើរលេងជាមួយគាត់បាន។ មានប្រទេសផ្សេងៗទៀតទាក់ទងដែរ តែយើងទៅកាណាដា សិន ហើយដោយសារអាណិកជនខ្មែរ នៅកាណាដា មានតិច អ៊ីចឹងខ្ញុំអាចបន្តវីសាបង្ហួសទៅសម្តែងច្រៀងនៅអាមេរិក ផងដែរ។ រយៈពេល៣ខែនេះ ខ្ញុំចោលការងារនៅក្នុងស្រុកច្រើនដែរ ហើយឥឡូវជិតដល់ថ្ងៃចេញទៅ អ៊ីចឹងពេលហ្នឹងមានតែសម្រុក Clear ការងារឱ្យគេហើយអស់សិន ទើបចេញទៅ”។

មាស សុខសោភា មានទីផ្សារចម្រៀងក្នុងស្រុកប្រដមប្រសងជាមួយឱក សុគន្ធកញ្ញា តែសម្រាប់ទីផ្សារចម្រៀងនៅក្រៅស្រុកវិញ នាងវ៉ា សុគន្ធកញ្ញា វិញ ព្រោះមានអាណិកជននៅក្រៅស្រុកច្រើនណាស់ ដែលគាំទ្រតារាចម្រៀងថោន និង Camtrax រូបនេះ។

ដោយឡែក សម្រាប់ការមិនបានចូលរួមមង្គលការឱក សុគន្ធកញ្ញា នោះ សុខសោភា ក៏និយាយលាយឡំសំណើចថា សុគន្ធកញ្ញា មិនបានសួរច្រាសមកវិញថា នាងរៀបការពេលណាឡើយ។ សោភា ថា ពេលនេះនាងនៅតែមិនទាន់កំណត់ថ្ងៃរៀបការជាចំហតាមប្រពៃណីខ្មែរនោះទេ ក្រោយសាងស្នេហ៍បាន១១ឆ្នាំមក៕

RELATED ARTICLES