Friday, November 14, 2025
Homeព័ត៌មានជាតិឃាតកម្មសាហាវ យាយនិងចៅស្រី គេសម្លាប់កាត់យកក្បាលទៅបាត់

ឃាតកម្មសាហាវ យាយនិងចៅស្រី គេសម្លាប់កាត់យកក្បាលទៅបាត់

ខេត្តកំពង់ចាម ៖ ស្ត្រីវ័យចំណាស់ម្នាក់ រួមនឹងចៅស្រីតូច ត្រូវបានក្រុមឃាតករដៃឆៅចិត្តកំណាច ធ្វើសកម្មភាពសម្លាប់យ៉ាងឃោរឃៅ ដោយកាត់ក្បាលទាំងជីដូន និងចៅ រួចយកទៅគ្រវាត់ចោល រកមិនឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចព្រៃចម្ការស្វាយចន្ទី ខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ៣៥០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ។

ជនរងគ្រោះទាំង២នាក់ជីដូន និងចៅស្រី ដែលត្រូវឃាតករសម្លាប់កាត់ក្បាលយ៉ាងព្រៃផ្សៃ រួមមាន ទី១ស្ត្រីជាជីដូនឈ្មោះពូ អូន អាយុ៥៦ឆ្នាំ និងទី២-ចៅស្រីឈ្មោះខេង សាវឿន អាយុ៦ឆ្នាំ។

តាមប្រភពពីស្ត្រីឈ្មោះដើង ថន ត្រូវជាកូនស្រីរបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នាងបានមកដល់ផ្ទះវិញ ឃើញផ្ទះបិទទ្វារចាក់សោ អត់មានមនុស្សនៅ មិនដឹងជាម្តាយ និងក្មួយស្រីទៅណា ក៏បានដើរសួរញាតិជិតខាង ប៉ុន្តែមិនមានអ្នកណាម្នាក់បានដឹងសោះ ទើបធ្វើឱ្យនាងមានការសង្ស័យ ក៏បានទៅប៉ុស្តិ៍រដ្ឋបាលថ្មពូន ដើម្បីប្តឹងសមត្ថកិច្ចឱ្យជួយតាមរកម្តាយ និងក្មួយស្រីតូចអាយុ៦ឆ្នាំ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ លោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុក និងបានចាត់កម្លាំងសមត្ថកិច្ចតាមរកនៅជុំវិញផ្ទះ តែរកមិនឃើញសោះ។ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ នៅពេលតាមរកដល់ក្រោយផ្ទះ ចម្ងាយប្រមាណ៣៥០ម៉ែត្រ ក៏ស្រាប់តែប្រទះឃើញសពស្ត្រីជាជីដូន បន្ទាប់មកទៀត ក៏ប្រទះឃើញសពចៅស្រី នៅក្នុងព្រៃចម្ការស្វាយចន្ទី ក្រោយផ្ទះ ដោយសពនៅឃ្លាតឆ្ងាយពីគ្នា ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងរន្ធត់ចិត្តបំផុតនោះ គឺសាកសពទាំង២នាក់ជីដូននិងចៅស្រី សុទ្ធតែត្រូវបានឃាតករកាត់ក្បាលយកទៅបាត់ នៅសល់តែដងខ្លួនមិនដឹងជាឃាតករយកក្បាលរបស់សពទាំង២នាក់ ទៅលាក់ទុកឯណានោះទេ ព្រោះសមត្ថកិច្ចដើររកមិនឃើញសោះ។

ក្រោយប្រទះឃើញសាកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចបានហ៊ុមព័ទ្ធកន្លែងកើតហេតុ និងបានរង់ចាំនគរបាលបច្ចេកទេស ចុះមកពិនិត្យសព។

តាមការសន្និដ្ឋាន សពអាចត្រូវបានក្រុមឃាតករអូសយកទៅក្រោយផ្ទះ សម្លាប់តាំងពីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅពេលដែលបាត់ជនរងគ្រោះ នាំគ្នាដើរតាមរក ក៏ប្រទះឃើញសាកសពយាយ និងចៅស្រី នៅក្រោយផ្ទះបែបនេះតែម្តង។

លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ បញ្ជាក់ថា ករណីសម្លាប់កាត់ក្បាលដ៏ឃោរឃៅខាងលើនេះ ជាអំពើឃាតកម្មសម្លាប់បំបិទមាត់ ហើយរហូតមកដល់ល្ងាចថ្ងៃដដែលនោះ ក្បាលរបស់សពយាយ និងចៅស្រីនោះ មិនទាន់រកឃើញនៅឡើយ។

លោកបន្តថា កម្លាំងសមត្ថកិច្ចជាច្រើ នាក់ កំពុងបន្តរុករកក្នុងព្រៃជុំវិញកន្លែងកើតហេតុបន្តទៀត ក្រែងទទួលបានពន្លឺខ្លះ ហើយក្រុមឃាតករក៏មិនទាន់ដឹងចេញមកពីប្រភពណាដែរ។ យ៉ាងណា ការសម្លាប់មនុស្សកាត់ក្បាលបែបនេះ អាចមកពីជនរងគ្រោះបានស្គាល់មុខជនរងគ្រោះយ៉ាងច្បាស់ ទើបឈានដល់ការសម្លាប់បំបិទមាត់យ៉ាងព្រៃផ្សៃបែបនេះ។

គួរបញ្ជាក់ដែរថា នៅរសៀលថ្ងៃដដែលនោះ បន្ទាប់ពីបានទទួលព័ត៌មានស្តីពីករណីឃាតកម្មដ៏សហាវឃោរឃៅខាងលើនេះ លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម ក៏បានចុះទៅពិនិត្យដល់កន្លែងកើតហេតុផងដែរ ហើយលោកបានជំរុញឱ្យសមត្ថកិច្ចបន្តធ្វើការតាមរកក្បាលរបស់សពជនរងគ្រោះទាំង២នាក់ និងស្រាវជ្រាវស៊ើបអង្កេតរកអត្តសញ្ញាណជនសង្ស័យជាឃាតករ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន។

លោកគួច ចំរើន បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នោះដែរថា “ឃោរឃៅខ្លាំងណាស់ កាត់ក្បាលមនុស្ស២នាក់យកទៅបាត់ មិនទាន់ដឹងថារឿងអ្វី។ មីងម្នាក់ឈ្មោះពូ អូន អាយុ៦៥ឆ្នាំ និងចៅស្រីគាត់ម្នាក់ឈ្មោះខេង សារឿន អាយុ៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវឃាតករសម្លាប់កាត់ក្បាលចោល ដងខ្លួននៅក្រោយផ្ទះ ចម្ងាយ៣៥០ម៉ែត្រ កាលពីយប់ថ្ងៃទី០២ ខែ០៤ ឆ្នាំ២០១៩”៕

RELATED ARTICLES