Friday, November 14, 2025
Homeព័ត៌មានជាតិសិស្សសាលាវត្តកោះសប្បាយពេក ដួលសន្លប់៥នាក់ នៅក្នុងកម្មវិធីសង្ក្រាន្ត

សិស្សសាលាវត្តកោះសប្បាយពេក ដួលសន្លប់៥នាក់ នៅក្នុងកម្មវិធីសង្ក្រាន្ត

ភ្នំពេញ ៖ សិស្សានុសិស្សវិទ្យាល័យវត្តកោះ​ ចំនួន៥នាក់ បានដួលសន្លប់បន្តបន្ទាប់ និងមានអ្នកផ្សេងជាច្រើននាក់ទៀត មានស្មារតីមិននឹងនរ ខណៈដែលពួកគេបានចូលរួមកម្មវិធីសង្ក្រាន្តវិទ្យាល័យវត្តកោះ និងកំពុងរាំច្រៀងហ៊ោកញ្ជ្រៀវយ៉ាងសប្បាយក្អាកក្អាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបរិវេណវិទ្យាល័យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពពីសិស្សានុសិស្ស ដែលមិនមានបញ្ហា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្នុងរយៈពេល២ថ្ងៃ ចន្លោះពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ មានកម្មវិធីសង្ក្រាន្តក្នុងសាលាវិទ្យាល័យវត្តកោះ ដោយកម្មវិធីចាប់ពីម៉ោងជាង៨ព្រឹក ដល់ម៉ោង៨យប់ ចំណែកពួកគាត់តែងតែសប្បាយបន្តរហូតដល់ម៉ោង១០ ទៅ១១យប់ឯណោះទើបបែកផ្លូវគ្នាទៅផ្ទះវិញ។

ប្រភពដដែលបន្តថា លុះមកដល់យប់កើតហេតុ ជាថ្ងៃបង្ហើយផង ក៏មានសិស្សានុសិស្សមួយចំនួនតូច បានទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច តែមិនឈានដល់អំពើហិង្សានោះទេ។ ស្រាប់តែបន្តិចក្រោយមក ក៏មានយុវជនម្នាក់និងយុវតី៤នាក់ បានកើតអាការទន់ខ្លួន រួចក៏ដួលសន្លប់ជាបន្តបន្ទាប់ មិនដឹងថាមានបញ្ហាអ្វីនោះទេ ដោយអ្នកខ្លះប្រាប់ថា បណ្តាលមកពីហត់ពេក ហូបអីមិនទៀងទាត់ និងអ្នកខ្លះទៀតប្រាប់ថា មកពីជំនឿផ្លូវងងឹត ដែលមិនបានសែនព្រេនឱ្យគេ ទើបធ្វើឱ្យមានបញ្ហានេះឡើង។

បន្ទាប់ពីកើតមានហេតុការណ៍យុវសិស្សដួលសន្លប់ ក៏មានគ្រូបង្រៀនក្នុងវិទ្យាល័យវត្តកោះ បានឱ្យអ្នកដួលសន្លប់ទាំងនោះ ទៅបន្ទប់រៀនសិន ដោយមិនបានទាក់ទងហៅរថយន្តសង្គ្រោះ ឱ្យមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗទេ។ រហូតមានការដឹងឮដល់សមត្ថកិច្ចមូលដ្ឋាន ទើបទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឯកជនមកដឹកជនរងគ្រោះ ប៉ុន្តែពេលរថយន្តសង្គ្រោះមកដល់ ស្រាប់តែយុវសិស្សទាំងនោះ មិនព្រមបើកទ្វាររបងសាលា ឱ្យរថយន្តសង្គ្រោះចូលទៅក្នុងបរិវេនសាលា ដឹកជនរងគ្រោះនោះទេ ព្រមទាំងចាក់សោមិនឱ្យអ្នកសារព័ត៌មាន ចូលទៅផ្តិតយក រូបភាពទៀតផង។

រហូតដល់មួយសន្ទុះក្រោយមក ទើបមានការអនុញ្ញាតឱ្យរថយន្តសង្គ្រោះចូលទៅក្នុងបរិវេណសាលា ដឹកជនរងគ្រោះយកទៅសង្គ្រោះ នៅឯមន្ទីពេទ្យ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចូលទៅប្រកាសឱ្យសិស្សានុសិស្សទាំងអស់បំបែងហ្វូងគ្នា ចេញពីសាលាវិទ្យាល័យវត្តកោះ ទៅផ្ទះរៀងៗខ្លួនអស់ ដើម្បីចៀសវាងកុំឱ្យកើតមានអាការដួលសន្លប់ជាបន្តបន្ទាប់ថែមទៀត៕

RELATED ARTICLES