Friday, November 14, 2025
Homeព័ត៌មានជាតិបណ្តើរគ្នាឲ្យត្រសងទៅចម្ការ ក្របីឡើងកវ័ធតាស្លាប់ យាយរបួសធ្ងន់

បណ្តើរគ្នាឲ្យត្រសងទៅចម្ការ ក្របីឡើងកវ័ធតាស្លាប់ យាយរបួសធ្ងន់

ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធ១គូកំពុងបណ្តើរគ្នាទៅចម្ការមើលផលដំណាំ ក៏ស្រាប់តែត្រូវសត្វក្របីឡើងក១ក្បាល បានដេញវ័ធ ធ្វើឱ្យបុរសជាប្តីស្លាប់យ៉ាងអាណោចអធ័ម ចំណែកស្ត្រីជាប្រពន្ធទទួលរងរបួសធ្ងន់ ហេតុការណ៍នេះបង្កឱ្យបានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិជរ ឃុំសណ្តាន់ ស្រុកសណ្តាន់។

បុរសរងគ្រោះជាប្តី មានឈ្មោះនូ ស៊ូ អាយុ៦៤ឆ្នាំ មុខរបរធ្វើស្រែចម្ការ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះតេន ដឿន អាយុ៥៧ឆ្នាំ មុខរបរធ្វើស្រែចម្ការ។ ប្តីប្រពន្ធជនរងគ្រោះខាងលើ មានលំនៅក្នុងភូមិក្រសាំង ឃុំសណ្តាន់ ស្រុកសណ្តាន់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ បានបណ្តើរគ្នា ចេញពីផ្ទះសំដៅទៅចម្ការដើម្បីមើលផលដំណាំរបស់ខ្លួន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានសត្វក្របី ១ក្បាល កំពុងឡើងក បានដេញវ័ធប្តីប្រពន្ធជនរងគ្រោះទាំងកំរោល ជាហេតុធ្វើឱ្យបុរសជាប្តីដែលរត់គេចមិនទាន់ ក៏ត្រូវសត្វក្របីវ័ធ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអធ័ម ចំណែកស្ត្រីជាប្រពន្ធបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តកំពង់ធំ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវសត្វក្របីវ័ធ បណ្តាលឱ្យស្លាប់ប្រាកដមែន។ ចំណែកសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES