គ្រប់គ្នាបានមានចម្ងល់ថា ហេតុអ្វីបានជាតារារូបស្រស់នៅ សុនិតា សុខចិត្តផាត់ចោលប្រុសតាមស្នេហ៍ដល់ទៅ៥នាក់ ហើយមកស្រវា ឱបពោះម៉ាយលោកទិត ថាវរិទ្ធ ទៅវិញ?
ទោះជាយ៉ាងណា អ្នកសិល្បៈជាច្រើនបានផ្តល់ចម្លើយថា សុនិតា ក្រៅពីបានងារជំទាវនោះ ក៏អាចនឹងក្លាយទៅជាម្ចាស់កម្មសិទ្ធិដីជាច្រើនហិកតារ របស់អតីតអគ្គនាយករងទូរទស្សន៍បាយ័ន រូបនេះ នៅកែវផុស ខេត្តព្រះសីហនុ ដែលមានតម្លៃមិនក្រោម៤លានដុល្លារទៀតផង…។

នៅ សុនិតា ត្រូវបានតារាចម្រៀងតារា នីតា ផ្តល់រហស្សនាមថា ជាតារាដែលមានប្រុសច្រើនពេក រហូតដល់មិនអាចចាំឈ្មោះអស់ឡើយ។ ទោះជាយ៉ាងណា តាមអ្នកដែលជិតស្និទ្ធនៅ សុនិតា បានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានប្រុសដែលមានទ្រព្យស្តុកដល់ទៅ5រូបដែរ ដែលសុនិតា បានផាត់ចេញ ក្រោយពេលដែលនាងព្រមប្រគល់បេះដូងទៅឱ្យអតីតប្តីអ្នកនាងលី ម៉ារីណា គឺលោកទិត ថាវរិទ្ធ។
ប្រភពបានឱ្យដឹងថា ប្រុសទាំង5នាក់ដែលខកចិត្តដោយសារសុនិតា បិទបេះដូងនោះ មានដូចជា លោកផ្កាយ4 (2នាក់ ) , អភិបាលខណ្ឌម្នាក់, អ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះម្នាក់ និងកូនអ្នករកស៊ីអចលនទ្រព្យម្នាក់ទៀត គឺសុទ្ធតែមិនស្ថិតក្នុងខ្សែភ្នែករបស់សុនិតា ទាំងអស់។

សំណួរដែលមហាជនចង់ដឹងថា តើលោកទិត ថាវរិទ្ធ មានអ្វីជាពិសេស ទើបធ្វើឱ្យនៅ សុនិតា សុខចិត្តទាត់ចោលសំណើស្នេហ៍របស់ប្រុសទាំង5រូបខាងលើ?
អាថ៌កំបាំងនេះត្រូវបានបញ្ជាក់កាលពីពេលថ្មីនេះ ហើយគេជឿថា មហាជនប្រាកដជាអស់សង្ស័យមិនខានឡើយ រឿងថា ហេតុអីបានជាសុនិតា ចោលងារជំទាវ ហើយមកស្រវាឱបស្នេហ៍ពោះម៉ាយនៅពេលនេះ?

ប្រភពបានឱ្យដឹងថា សុនិតា បាននិយាយប្រាប់មិត្តភក្តិដ៏ជិតដិតថា លោកថាវរិទ្ធ មានដីជាច្រើនហិកតារនៅតំបន់កែវផុស ខេត្តព្រះសីហនុ ហើយដីនោះ បើលក់វិញ គឺបានលុយមិនក្រោម3ទៅ4លានដុល្លារឡើយ។
ព័ត៌មាននោះបន្ថែមថា សុនិតា មិនរារែកចិត្តឡើយក្នុងការពពោះកូនដំបូង ពេលដឹងថា លោកទិត ថាវរិទ្ធ ជាពោះម៉ាយទ្រព្យស្តុកនោះ ព្រោះរបស់ទាំងនោះវាក្លាយទៅជាកម្មសិទ្ធិរបស់នាងហើយនៅពេលនេះ ។

ក្រៅពីមានដីជាច្រើនហិកតារ ដែលមើលឃើញលុយនៅចំពោះមុខរាប់លានដុល្លារនោះ គូស្នេហ៍នៅ សុនិតា ក៏មានផ្ទះវីឡានៅបុរីវីរជន កោះពេជ្រ និងនៅបុរីប៉េង ហួត (បឹងស្នោ) ស្ថិតក្នុងគម្រោងទី8 និងមានរថយន្តទំនើបៗជាច្រើនគ្រឿងទៀត ហេតុនេះហើយ បានជាសុនិតា ត្រូវតែប្តូរយក ដោយមើលរំលងប្រុសៗអ្នកមានទ្រព្យទាំង5 ខាងលើ ចេញអស់។
ប្រភពបានឱ្យដឹងថា អ្វីដែលនៅ សុនិតា កាន់តែរំភើបស្ទើរហោះរហូត ថ្មីៗនេះ បានធ្វើខួបកំណើតឱ្យលោកថាវរិទ្ធ ជាចំហនោះ ព្រោះកាលពីថ្ងៃទី12 ខែមករា ឆ្នាំ2019 នោះ លោកទិត ថាវរិទ្ធ ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានន័យថា តំណែងជំទាវរបស់នៅ សុនិតា គឺនៅជិតបង្កើយ ហេតុនេះហើយបានជាស្រីស្រស់សុនិតា ចាប់ផ្តើមហ៊ានបង្ហាញស្នេហ៍ជាចំហជាមួយលោកថាវរិទ្ធ ។

នៅ សុនិតា បានក្លាយទៅជាតួឯករឿង “រៃមាស” របស់ទូរទស្សន៍ថោន ហើយ ក៏បានប្រកាសផ្អាកការសម្តែងដោយគ្មានការកំណត់វិលវិញឡើយ។ អំឡុងពេលដែលនៅ សុនិតា លែងចង់ថតសម្តែងដូចមុនទៀត ហើយនាងប្រាប់ថា បោះបង់ដល់ទៅ3រឿង នៅហង្សមាស នោះ ក៏មានព័ត៌មានល្បីសុសសាយពេញចង្កោមអ្នកសិល្បៈ និងស្រទាប់មហាជនថា ពេលនេះ សុនិតា កំពុងពពោះ៥ខែហើយ ដែលកូនដំបូងនេះ ជាកូនប្រុស និងជាតំណក់ឈាមរបស់លោកថាវរិទ្ធ។

ប្រភពបានឱ្យដឹងថា នៅ សុនិតា ដែលបានភ្ជាប់ពាក្យជាមួយលោកទិត ថាវរិទ្ធ កាលពីថ្ងៃទី5 ខែកញ្ញា ឆ្នាំ2018នោះ នឹងសម្រាលកូនប្រុស នៅអំឡុងពាក់កណ្តាលឆ្នាំ2019 ពោលគឺខែសីហា ខាងមុខនេះ ប៉ុន្តែនាងមិនទាន់មានគម្រោងដឹកដៃគូស្នេហ៍ក្រាបផ្ទឹមឡើយ ។

ទោះជាយ៉ាងណា ជុំវិញព័ត៌មានខាងលើនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីកញ្ញានៅ សុនិតា និងលោកទិត ថាវរិទ្ធ បានទេ ដោយនៅពេលដែលអ្នកយកព័ត៌មានយើងទូរស័ព្ទទៅនៅ សុនិតា បាននិយាយខ្លីថា ជាប់រវល់លក់ខោអាវ គ្មានពេលបកស្រាយទេ។ ចំណែកលោកទិត ថាវរិទ្ធ ប្រាប់ថា ជាប់រវល់ប្រជុំ៕