ខេត្តកំពង់ចាម ៖ រថយន្តដឹកក្រុមតន្ត្រី១គ្រឿង កំពុងបើកចុះស្ពានគីហ្សូណា ក៏ស្រាប់តែដាច់កាឡេ ធ្វើឱ្យជ្រុលល្បឿនបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿង បណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងគួរឱ្យសង្វេគ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចលើស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

បុរសរងគ្រោះដែលត្រូវរថយន្តដាច់កាឡេ បុកស្លាប់ មានឈ្មោះយ៉ាំង ភឿកឡឺង អាយុ៥១ឆ្នាំ ជាជនជាតិវៀតណាម មានលំនៅក្នុងភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម ជិះម៉ូតូម៉ាក ធូដេ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FC-8781។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះឡុង សុខុម អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជិះម៉ូតូម៉ាក MSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GL-4093។ ដោយឡែក អ្នកបើកបររថយន្តបង្ក មានឈ្មោះសន ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-1190។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ជារថយន្តដឹកក្រុមតន្ត្រី ជីអូ បើកបរក្នុងទិសដៅពីកើតទៅលិច ចុះពីស្ពានគីហ្សូណា ស្រាប់តែអកុសល រថយន្តបានដាច់កាឡេ ទើបធ្វើឱ្យជ្រុលទៅកៀរប៊ូឌៀស្ពាន រួចក៏ជ្រុល ទៅបុកម៉ូតូម៉ាកធូដេ ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បណ្តាលឱ្យអ្នកបើកម៉ូតូធូដេ ស្លាប់នៅនឹងកន្លែង។ បន្ទាប់មករថយន្តក៏ជ្រុលទៅបុកម៉ូតូម៉ាក MSX ដែលកំពុងធ្វើដំណើរពីកើតទៅលិច បណ្តាលឱ្យរងរបួសជាទម្ងន់។ លុះរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករះរថយន្តក្រុង១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-5248។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចក្រុងកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា ករណីនេះបណ្តាលឱ្យស្លាប់មនុស្សប្រុសម្នាក់ (អ្នកបើកបរម៉ូតូធូដេ) របួសមនុស្សប្រុសម្នាក់ និងខូចខាតមធ្យោបាយចំនួន៣គ្រឿង ម៉ូតូ២គ្រឿង (កំរិតស្រាល១គ្រឿង កំរិតធ្ងន់១គ្រឿង) រថយន្ត១គ្រឿងកំរិតធ្ងន់ បែកការ៉ូឡាស្ពាន ចំនួន៣៨ដុំ បែកសរសរបង្កាន់ដៃថ្ម ចំនួន២បង្គោល។ ចំណែកមូលហេតុ បណ្តាលមកពីរថយន្តដាច់កាឡេ។

ក្រោយពេលកើតហេតុ ផ្នែកជំនាញបានហៅរថយន្តរបស់មន្ទីរខេត្ត ដឹកសាកសពយកទៅមន្ទីរពេទ្យខេត្ត និងបានប្រគល់សពទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ ចំណែកវត្ថុតាង និងអ្នកបើកបររថយន្តបង្ក សមត្ថកិច្ចយើងបានឃាត់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕


