ប៉ាច គីមមួយ ដែលធ្លាប់ត្រូវបានគេសង្ស័យថា នាងបង្កាត់ភ្លើងស្នេហាជាមួយប្រុសក្មេង សយ រតនៈ នោះ ស្រាប់តែពេលនេះ នាងចាប់ដៃរតនៈ ច្រៀងឆ្លងឆ្លើយបទ “សមមុខបងឯង” សម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ការដែលស្រីស្រស់គីមមួយ ពេញចិត្តចាប់ដៃជាមួយប្រុសក្មេងរតនៈ នៅពេលនេះ គឺនឹងធ្វើឱ្យពួកគេកាន់តែមានការស្វែងយល់ចិត្តគ្នាកាន់តែច្បាស់ថែមទៀតជាមិនខានឡើយ ហើយគេចាំមើលថា តើគូស្នេហ៍តារាជ្រកក្រោមដំបូលតែមួយនេះ អាចនឹងឈានទៅសារភាពស្នេហ៍ដូចគ្នានឹងនាងទេព បូព្រឹក្ស និងងួន ចាន់ដេវីត ដែរ ឬទេ ?

យ៉ាងណាក្នុងជំនួបកាលពីពេលថ្មីៗនេះ ប៉ាច គីមមួយ ប្រកែកថា នាងនិងរតនៈ មិនមែនជាគូសង្សារនឹងគ្នាទេ គឺគ្រាន់តែជាមិត្តរួមអាជីពប៉ុណ្ណោះ។ ប៉ុន្តែគីមមួយ ទទួលស្គាល់ថា ពេលខ្លះធ្លាប់រួមដំណើរជាមួយរតនៈ ជាញឹកញាប់មែន ទើបធ្វើឱ្យគេសង្ស័យ។ ប៉ុន្តែមនុស្សប្រុសដែលនាងស្និទ្ធស្នាល មិនមែនមានតែរតនៈ មួយទេ គឺសូម្បីតែឃុន វត្ថា ក៏ធ្លាប់ជិះរថយន្តទៅកម្មវិធីផ្សេងៗជាមួយនាងដែរ។

ប៉ាច គីមមួយ ធ្លាប់មានគូស្នេហ៍ជាតារាចម្រៀងម្នាក់តែពួកគេបានចែកផ្លូវគ្នាកណ្តាលផ្លូវវិញ ទើបធ្វើឱ្យគីមមួយ ដំបៅបេះដូង បៀមទុក្ខស្នេហ៍តែម្នាក់ឯង។

យ៉ាងណា តារាសាច់សខ្ចីកូនកាត់ចិន គីមមួយ មានមន្ត្រីធំៗជាច្រើនតាមសុំស្អំបេះដូង ដោយថែមទាំងធានាឧបត្ថម្ភឱ្យនាងរស់នៅហ៊ឺហាលើគំនរទ្រព្យស្តុកស្តម្ភទៀតផង ប៉ុន្តែគីមមួយ សុខចិត្ត ទិញផ្ទះជិត10ម៉ឺនដុល្លារ បង់រំលស់ដោយខ្លួនឯងនោះ ប្តេជ្ញាថា នាងមិនធ្វើជាស្រីកំណាន់ចិត្តប្រុសណាជាថ្នូរស្នេហាលួចលាក់ ព្រោះតែលុយនោះឡើយ៕


