Friday, November 14, 2025
Homeព័ត៌មានជាតិទើបតែបានម្តង នៅសល់៣ដងទៀត គាត់ត្រដរខ្យល់ប្រកាច់ស្លាប់បាត់

ទើបតែបានម្តង នៅសល់៣ដងទៀត គាត់ត្រដរខ្យល់ប្រកាច់ស្លាប់បាត់

ខេត្តរតនគិរី ៖ យុវជនម្នាក់បានត្អូញប្រាប់បងប្រុសថា ដូចជាមិនសូវស្រួលខ្លួនសោះ ឮបែបនេះ បងប្រុសក៏ប្រញាប់នាំប្អូនទៅឱ្យគ្រូពេទ្យប្រចាំភូមិពិនិត្យ ឃើញថាឡើងឈាម និងផ្តល់ថ្នាំឱ្យលេបចំនួន៤ដង ក្នុងម្តង៦គ្រាប់ លុះក្រោយពីលេបថ្នាំរួច ក៏បានប្រះខ្លួនដេកនៅក្នុងអង្រឹង លង់លក់ទៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏ស្រាប់តែកើតអាការត្រដរខ្យល់ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ។

យុវជនរងគ្រោះដែលលេបថ្នាំផ្សំរួច ត្រដរខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនេះ មានឈ្មោះរម៉ាម ធ្វ័យ អាយុ២៤ឆ្នាំ ជាជនជាតិច្រាយ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខ៉ាងលើ។

តាមសម្តីបុរសឈ្មោះរម៉ាម យុំ ត្រូវជាបងប្រុសរបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៧និង០៥នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ប្អូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានត្អូញត្អែរប្រាប់គាត់ជាបងប្រុសថា រូបគេដូចជាមិនស្រួលក្នុងខ្លួនសោះ។ ឮបែបនេះ គាត់ក៏បាននាំប្អូនប្រុសទៅពិនិត្យជំងឺនៅផ្ទះពេទ្យប្រចាំភូមិឈ្មោះផន ថាន ជាបុគ្គលិកពេទ្យប្រចាំនៅមណ្ឌលសុខភាពឃុំបរខាំ។

បងប្រុសរបស់ជនរងគ្រោះ បន្តថា លុះក្រោយពេលដែលគ្រូពេទ្យបានពិនិត្យរួច ក៏និយាយប្រាប់ថា ឈាមជនរងគ្រោះបានឡើងដល់ទៅ១៤ ហើយគ្រូពេទ្យបានសួរទៅជនរងគ្រោះថា ប្អូនឯងចាក់ថ្នាំឫក៏អត់ទេ? ឫព្យួរសេរ៉ូមក៏បានដែរ? ឫទិញថ្នាំលេបក៏បានដែរ? ហើយជនរងគ្រោះបានជ្រើសរើសយកថ្នាំលេប។

បងប្រុសជនរងគ្រោះ បានបញ្ជាក់ថា ពេលនោះគ្រូពេទ្យបានផ្សំថ្នាំឱ្យចំនួន៤ដង ចែកចេញជា៤កញ្ចប់តូចៗ សំរាប់លេប២ថ្ងៃ ក្នុង១ថ្ងៃ ២ដង (ព្រឹក-ល្ងាច) ហើយក្នុង១ដង មាន៦គ្រាប់។ ក្រោយមកគាត់ក៏បាននាំប្អូនប្រុសត្រឡប់មកផ្ទះឯងវិញ រួចក៏យកថ្នាំមកលេបតែ១កញ្ចប់តូច នៅ៣កញ្ចប់ទៀត មិនទាន់បានលេបទេ។ បន្ទាប់ពីលេបថ្នាំរួច ប្អូនប្រុសរបស់គាត់ក៏បានទៅចងអង្រឹងដេកនៅក្រោមផ្ទះ តែដេកមិនលក់ ក៏យកម៉ូតូមកជិះដើរលេងមួយសន្ទុះ ទើបវិលត្រឡប់មកផ្ទះវិញ ហើយឡើងដេកលើអង្រឹងដដែល រហូតដល់ម៉ោង៤រសៀលថ្ងៃដដែល ប្អូនប្រុសរបស់គាត់ក៏ចាប់ផ្តើមត្រដរខ្យល់ ទើបគាត់ប្រញាប់ស្ទុះទៅគ្រាហ៍ប្អូនប្រុសឱ្យឡើងទៅលើផ្ទះ តែពេលមកដល់លើផ្ទះប្អូនប្រុសរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារអាការគាំងបេះដូង។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចច្រាយ៕

RELATED ARTICLES