ខេត្តសៀមរាប ៖ យុវជនម្នាក់ បានមកបន្តការសិក្សានៅក្រុងសៀមរាប ដោយសុំស្នាក់អាស្រ័យក្នុងកុដិព្រះសង្ឃ ពឹងលើបាយបាត្រ ដើម្បីបន្តការសិក្សាអស់រយៈពេល៣ឆ្នាំមកហើយ លុះជិតបញ្ចប់ការសិក្សាទៅហើយ ស្រាប់តែអកុសល ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងកុដិយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងកុដិព្រះសង្ឃវត្តចក នៅក្រុមទី០១ ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះប៉ុម ចាន់ណារី អាយុ២៦ឆ្នាំ មុខរបរជានិស្សិតរៀននៅសាកលវិទ្យាល័យបៀលប្រាយ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ បានមកសុំស្នាក់នៅក្នុងកុដិព្រះសង្ឃ វត្តចក ស្ថិតនៅទីតាំងកើតហេតុខាងលើ អស់រយៈពេល៣ឆ្នាំមកហើយ និងមានស្រុកកំណើតនៅភូមិដំណាក់ឈ្នួល ឃុំស្រែធ្លុង ស្រុកជុំគីរី ខេត្តកំពត។

ព្រះតេជគុណ ណាត ឃុនលាង គង់នៅវត្តចក បានមានសង្ឃដីកាថា ជនរងគ្រោះបានមកសុំស្នាក់អាស្រ័យក្នុងវត្តចកនេះ អស់រយៈពេល៣ឆ្នាំមកហើយ ដើម្បីបន្តការសិក្សា និងនៅសល់តែប្រមាណ១ឆ្នាំទៀតប៉ុណ្ណោះ ការសិក្សាត្រូវបញ្ចប់ទៅហើយ មិនគួរអកុសល មកដេកស្លាប់បែបនេះសោះ។

ព្រះតេជគុណ ណាត ឃុនលាង មានសង្ឃដីកាបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ព្រះអង្គបាននិមន្តដើរទៅបន្ទប់ខាងក្រោយ ដើម្បីចូលបន្ទប់ទឹក លុះនិមន្តកាត់តាមកុដិ ដែលជនរងគ្រោះឈ្មោះប៉ុម ចាន់ណារី ស្នាក់នៅឃើញបង្អួចចំហ និងទ្វារមុខដាក់កន្លឹះខាងក្នុងបន្ទប់ ក៏មើលតាមបង្អួចឃើញដេកក្នុងមុងស្តូកស្តឹង ដាស់ក៏មិនក្រោក ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃជាច្រើនអង្គទៀត មកជួយស្រែកដាស់ និងយកដើមឫស្សីទៅចាក់គ្រែតាមបង្អួច ក៏ជនរងគ្រោះនៅតែមិនភ្ញាក់មិនដឹងខ្លួនសោះ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបផ្តល់ព័ត៌មានដល់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តកំពត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕