ក្រុមតារាចម្រៀងនិងសម្ដែង ប្រមាណជាង២០នាក់ បានលេចមុខច្រៀងរាំនៅវិទ្យាល័យព្រែកឯង ដើម្បីអបអរសាទរសង្រ្កាន្ដឆ្នាំថ្មី ស្របពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរ កាន់តែកៀកចូលមកដល់នេះ។

គេឃើញមានតារាចម្រៀងដែលបានស្លៀកពាក់ឈុតប្រពៃណីយ៉ាងស្រស់ស្អាត ច្រៀងរាំបទប្រពៃណីខ្មែរ ហើយមានការរាំលេងកម្សាន្ដពីសិល្បករនិងសិស្សានុសិស្ស ជាច្រើនរយនាក់យ៉ាងសប្បាយរីករាយផងដែរ។

តារាដែលច្រៀងរាំក្នុងព្រឹត្តិការណ៍សង្រ្កាននៅវិទ្យាល័យព្រែកឯង ផ្អើលអស់សិស្សានុសិស្ស កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នោះ មានដូចជា កែវ បូរ៉ា, ហេង ស្រីពេជ្រ, ឆ័យលី ដាឡែន, គន់ រៀមរតនៈ , អ៊ឹម ជីវ៉ា , ចែម ស្រីលក្ខណ៍,ម៉ាដូណា , បេប៊ី និងបូ តាំងហ៊ាង រួមជាមួយតារាល្បីៗជាច្រើនដួងទៀត។

លោកប៉ាង វិសុទ្ធ នាយកសាលាវិទ្យាល័យព្រែកឯង បានស្វាគន៍យ៉ាងកក់ក្ដៅចំពោះសិល្បករទាំងអស់ ដែលចូលរួមច្រៀងរាំសង្ក្រាន្ដនៅវិទ្យាល័យព្រែកឯង ដើម្បីអបអរឆ្នាំថ្មី ឆ្នាំកុរ ២០១៩ នេះ។

លោកថា នេះជាលើកទីមួយហើយ ដែលវិទ្យាល័យព្រែកឯង បានរៀបចំព្រឹត្តិការណ៍នេះ ហើយសម្រាប់ឆ្នាំក្រោយៗ នឹងមានរៀបចំជាបន្ដទៀតផងដែរ។ ក្នុងនាមលោកជាអ្នកគ្រប់គ្រងវិទ្យាល័យព្រែកឯង លោកស្នើសុំឲ្យប្អូនៗសិស្សានុសិស្សទាំងអស់ គោរពឲ្យបាននូវក្រមសីលធម៌ ពេលសប្បាយរាំកម្សាន្ដ ក្នុងនាមជាសិស្សល្អ កូនល្អ ដែលរស់នៅក្នុងសង្គមជាតិយើង៕








