ខេត្តឧត្តរមានជ័យ ៖ បុរសជាព្រានព្រៃម្នាក់ បានកាន់កាំភ្លើងច្នៃ១ដើម ដើរចូលទៅក្នុងព្រៃទាំងយប់ បំណងដើររកបរបាញ់សត្វតាមទម្លាប់ លុះពេលប្រទះឃើញសត្វ ក៏ទាញកាំភ្លើងយកមកបាញ់ ប៉ុន្តែមិនដឹងយ៉ាងម៉េច ក៏ស្រាប់តែរាលកៃកាំភ្លើងច្នៃ បណ្តាលឱ្យត្រូវចំឆ្អឹងជំនីរខ្លួនឯង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។

ហេតុការណ៍ព្រានព្រៃរាលកៃកាំភ្លើងច្នៃ បណ្តាលឱ្យធ្លុះឆ្អឹងជំនីរខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចព្រៃខាងក្រោយភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។

បុរសរងគ្រោះ មានឈ្មោះខាំ រុំ អាយុ៣០ឆ្នាំ មុខរបរព្រានព្រៃ មានលំនៅក្នុងភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានប្រកបរបរជាព្រានព្រៃដើរបរបាញ់សត្វនេះ ជាយូរមកហើយ មិនដែលមានបញ្ហាអ្វីកើតហេតុនោះទេ។ លុះមកដល់យប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះក៏បានយកកាំភ្លើងកែច្នៃ១ដើម និងពាក់កែវឆ្លុះលើក្បាល រួចក៏ដើរចាកចេញពីផ្ទះ សំដៅចូលទៅបាញ់សត្វតែម្នាក់ឯង នៅក្នុងព្រៃខាងក្រោយភូមិដូចសព្វដង។

ប្រភពដដែលបន្តថា លុះទៅដល់ក្នុងព្រៃ ប្រទះឃើញសត្វ ក៏ទាញកាំភ្លើងច្នៃនោះ យកមកបាញ់ ស្រាប់តែមិនដឹងជាកើតអ្វី បែរជាកាំភ្លើងនោះបានរាលកៃ បណ្តាលឱ្យត្រូវចំជនរងគ្រោះខ្លួនឯង (ចំឆ្អឹងជំនីខាងស្តាំ) បណ្តាលឱ្យរងរបួសធ្ងន់ ប៉ុន្តែជនរងគ្រោះបានព្យាយាមប្រមូលស្មារតីរួចដើរសំដៅត្រឡប់មកផ្ទះវិញ ស្រែកហៅប្រពន្ធឱ្យជួយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោដល់អ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីសមត្ថកិច្ចទទួលបានដំណឹងខាងលើនេះភ្លាម ក៏បញ្ជូនកម្លាំងចុះទៅជួយសង្គ្រោះបឋមផងដែរ រួចក៏ប្រញាប់ដឹកបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕