អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកអែន ឌី ដែលល្បីបទ “នឹកបង៥០%”នោះ ធ្លាប់ចាប់ដៃគូថតរូបហ្វិច និង MV ជាមួយកំពូលស្រីស្អាតសិចស៊ីសាច់សខ្ចីជាច្រើនដួងមកហើយ ដែលធ្វើឱ្យប្រុសៗទាំងឡាយច្រណែនលោកយ៉ាងខ្លាំង ហើយថែមទាំងចាត់ទុកថា ជាតារាមានសំណាងជាងគេលើលោកទៀតផង ព្រោះថា ស្រីស្អាតបែបណាក៏មិនអាចគេចផុតពីកណ្តាប់ដៃតារាប្រុសម្នាក់នេះដែរ។

ប៉ុន្តែអ្វីដែលស្ទើរមិនគួរឱ្យជឿនោះ ស្រាប់តែនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ មកដល់នេះ ស្រាប់តែអែន ឌី បានប្តូរចិត្ត១៨០ដឺក្រេ តាមរយៈការងាកទៅចាប់ដៃគូសម្តែងជាមួយតារាម្នាក់ដែលមានមាឌធំឡើងកាម៉ាប់ នៅពេលដែលអែន ឌី បានថតបទ “កំពង់ចាមកំពង់ចិត្ត” ដែលជាបទមរតកដើមនោះ។

អ្នកខ្លះថា អែន ឌី ប្រហែលជាជិនណាយនឹងតារាស្រីស្អាតៗដែលធ្លាប់ជាដៃគូចាស់ហើយ ព្រោះថា មានតារាខ្លះបានល្បីនិងមានទ្រព្យ ហូរហៀរតាមរយៈការជួយជ្រោមជ្រែងពីលោក ប៉ុន្តែពេលជួបមុខ មានអ្នកខ្លះមិនចង់និយាយរកទេ ទើបពេលនេះ អែន ឌី លែងទុកចិត្តស្រីស្អាតៗហើយ សម្រេចចិត្តងាកមកចាប់ដៃជាមួយអូនម៉ាប់ៗវិញម្តង។

អែន ឌី និយាយថា ការពិតលោកស្រលាញ់បទមរតកដើមខ្លាំងណាស់ ទើបយកមកច្រៀងសាជាថ្មីឡើងវិញ ដូចជាបទ “កំពង់ចាមកំពង់ចិត្ត”នេះ និងបទជាច្រើនទៀត។ ចំពោះការចាប់ដៃគូសម្តែងជាមួយតារាម៉ាប់ៗនេះ គាត់ឈ្មោះថា អូន ខេត (Oun Cat) ហើយមូលហេតុដែលលោកសម្រេចចិត្តយកនាងលេង MV ជាមួយ ដោយសារតែមិនចង់ឱ្យដូចគេច្រៀងតែបទអំពីជ្រូក ឬអ្វីផ្សេងៗ អ៊ីចឹងហើយបានជាលោកសម្រេចចិត្តយកតួស្រីកាម៉ាប់ៗថតវិញ ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំកុរ នេះ។

អតីតតារាហង្សមាស រូបនេះ បន្ថែមថា ចំពោះការជ្រើសតួសម្តែង គឺលោកនៅតែសហការគ្នាល្អជាមួយតារាស្រីដៃគូចាស់ៗអ៊ីចឹង តែរឿងមានតារាខ្លះវាយឫកដាក់លោកនោះ គឺពិតជាមានមែន ប៉ុន្តែលោកមិនដែលតាំងខ្លួនថា ជួយអ្នកណាឱ្យល្បីទេ ព្រោះតារាខ្លះ គេមានសមត្ថភាពដោយខ្លួនឯងដែរ។

អែន ឌី បានងាកមកផលិតបទចម្រៀងដោយខ្លួនឯងវិញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការផ្តោតលើ Cover បទចម្រៀងមរតកដើម។ ដោយឡែក សម្រាប់ពេលរាត្រី អែន ឌី ទៅច្រៀងនៅភោជនីយដ្ឋានពិភពរាត្រីថ្មី ជាមួយតារាចម្រៀងប៊ុត សីហា, ស៊ិន ឧត្តមផល្លា និងម៉ៅ ស៊ីណាត ជាដើម៕
