Friday, November 14, 2025
Homeព័ត៌មានជាតិក្បត់ចិត្តប្រពន្ធ លួចមានស្រីស្នេហ៍ ផ្ទុះភ្លើងប្រចណ្ឌ យកខ្សែភ្លើងឆក់ អារក រួចចងកខ្លួនឯង

ក្បត់ចិត្តប្រពន្ធ លួចមានស្រីស្នេហ៍ ផ្ទុះភ្លើងប្រចណ្ឌ យកខ្សែភ្លើងឆក់ អារក រួចចងកខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់បានផ្ទុះភ្លើងប្រចណ្ឌ សម្រេចចិត្តឆក់ខ្សែភ្លើងស្រីស្នេហ៍ រួចអារកសម្លាប់យ៉ាងឃោរឃៅ បន្ទាប់មកក៏ចងកសម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍ដ៏រន្ធត់នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចបន្ទប់ជួលលេខ ជ១៣ ក្រុម១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

នារីរងគ្រោះមានឈ្មោះណុង ស្រីមិ អាយុ២៣ឆ្នាំ អតីតជានារីខារ៉ាអូខេ សព្វថ្ងៃនៅផ្ទះ កំពុងមានផ្ទៃពោះ២ខែ និងមានកូនស្រីម្នាក់អាយុ៣ឆ្នាំ មានប្តីដើមកំពុងជាប់ពន្ធនាគារ និងមានស្រុកកំណើតនៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ ចំណែកជនដៃដល់ មានឈ្មោះទុយ រ៉ាន អាយុ៣៩ឆ្នាំ មានមុខរបរជាជាងទង (ជាងមាស) មានប្រពន្ធនិងកូនប្រុសម្នាក់អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៥ កែងផ្លូវ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ ធ្លាប់មានប្តី និងមានកូនស្រីម្នាក់អាយុ៣ឆ្នាំទៅហើយ ប៉ុន្តែប្តីរបស់នាងបានជាប់ពន្ធនាគាររយៈពេល២ឆ្នាំហើយ ក្រោយពីប្តីជាប់គុក នាចូលធ្វើការជានារីខារ៉ាអូខេនៅក្នុងហាង យីហោស្ពានមាស ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏បានស្គាល់បុរសជាឃាតក គិតមកដល់ពេលនេះ មានរយៈពេល៦ខែមកហើយ។ ក្រោយពីស្គាល់និងទាក់ទងស្នេហាជាមួយគ្នាមក បុរសខាងលើបានឱ្យនាងឈប់ធ្វើការងារខារ៉ាអូខេ រួចក៏ជួលបន្ទប់ឱ្យនាងស្នាក់នៅ ផ្តល់ប្រាក់ឱ្យចាយវាយ ព្រមទាំងបានរួមរស់ជាមួយគ្នាដូចជាប្តីប្រពន្ធ។ តាំងពីរួមរស់នឹងគ្នាមក បុរសនោះស្រលាញ់ស្រីស្នេហ៍យ៉ាងងប់ងុល ដោយលែងនឹកនាដល់ប្រពន្ធដើមនិងកូន រហូតនៅជាប់លាប់តែជាមួយស្រីស្នេហ៍នេះរហូត និងចេះតែកើតមានចិត្តប្រចែប្រចណ្ឌ ជាមួយនឹងស្រីស្នេហ៍ជាញឹកញាប់ និងតែបង្កជម្លោះគ្នាជាច្រើនលើកច្រើនសារមកហើយ។

ប្រភពបានបន្តថា លុះប៉ុន្មានថ្ងៃមុនកើតហេតុ ជនសង្ស័យជាឃាតករបានដឹងដំណឹងថា បុរសជាប្តីដើមរបស់នារីរងគ្រោះ ជិតវេញពីគុកហើយ នៅសល់តែរយៈពេលប្រមាណ៤ ទៅ៥ខែទៀតប៉ុណ្ណោះ ទើបបានប្រាប់នារីរងគ្រោះថា បើប្តីអូនចេញពីពន្ធនាគារវិញ បងនឹងចេញលុយឱ្យប្តីដើមអូន ដើម្បីឱ្យដាច់គ្នា ហើយពួកយើងនឹងរួមរស់ជាប្តី ប្រពន្ធនឹងគ្នាតទៅ។

ប្រភពខាងលើ បានបញ្ជាក់ថា លុះមកដល់យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ គេឃើញជនសង្ស័យខាងលើ ជិះរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX-330 បិតតែម RX-350 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ-4378 មកដល់បន្ទប់ជួល រួចក៏នាំគ្នាចូលទៅសម្ងំក្នុងបន្ទប់ ដោយបានបិទទ្វារជិត តែមិនបានចាក់គន្លឹះនោះទេ។ លុះបន្តិចក្រោយមក អ្នកជិតខាងបានឮសំឡេងអ្នកទាំង២បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ស្របពេលនោះ កូនស្រីអាយុ៣ឆ្នាំ រុញទ្វារចូលទៅ ឃើញម្តាយមានស្នាមរបួសត្រង់បំពង់កជិតដាច់ហើយ និងឃើញបុរសជាឃាតករ ដេកឱបសពម្តាយរបស់នាង ទើបរត់ស្រែកប្រាប់អ្នកជិតខាងឱ្យមកជួយ ភ្លាមៗនោះអ្នកជិតខាងមានការភ្ញាក់ផ្អើល នាំគ្នាមកមើល ស្រាប់តែត្រូវបុរសជាឃាតករ ស្ទុះងើបទៅចាក់គន្លឹះទ្វារបន្ទប់ជួលជាប់ រួចក៏យកក្រមាឡើងទៅចងកភ្ជាប់នឹងមេដំបូលដែកបន្ទប់ជួល បណ្តាលឱ្យដាច់ខ្យល់ស្លាប់តែម្តង។ ហើយនៅអំឡុងពេលនោះ អ្នកជិតខាងបានប្រញាប់រាយការណ៍ប្រាប់ សមត្ថកិច្ចមូលដ្ឋានឱ្យចុះទៅជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា នារីរងគ្រោះមុននឹងត្រូវអារកសម្លាប់ គឺត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យសន្លប់ ពោលគឺត្រូវជនដៃដល់ឆក់ឱ្យសន្លប់ រួចក៏យកកាំបិតប៉័ងតោ មកអារផ្តាច់បំពង់កបណ្តាលឱ្យស្លាប់ បន្ទាប់មក ទើបជនដៃដល់ឡើងទៅចងកសម្លាប់ខ្លួនឯងតាមក្រោយ។

សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តត្បូងឃ្មុំ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកសាកសពបុរសជាជនដៃដល់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យស្ត្រីជាប្រពន្ធដើម និងកូនប្រុសនាំយកទៅធ្វើបុណ្យតាមប្រពៃណីដូចគ្នា៕

RELATED ARTICLES