ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីទៅចូលរួមកម្មវិធី២កន្លែងផ្សេងគ្នា ផឹកស៊ីរហូតស្រវឹងជោកជាំ លុះត្រឡប់មកដល់បន្ទប់ជួលវិញ ក៏ត្អូញប្រាប់មិត្តភក្តិដែលស្នាក់នៅជាមួយគ្នាថា មិនសូវស្រួលខ្លួនសោះ លុះមិនបានប៉ុន្មានក៏កើតអាការថប់ស្ទះដង្ហើម ដកចង្កាមាន់ បញ្ឈរភ្នែក និងត្រូវមិត្តភក្តិប្រញាប់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែហួសពេលទៅហើយ។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅបន្ទប់ជួលក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះខាងលើ មានឈ្មោះអ៊ី សិដ្ឋ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស៊ីង យ៉ាវ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។
តាមសម្តីមិត្តភក្តិរបស់ជនរងគ្រោះ ដែលស្នាក់នៅបន្ទប់ជាមួយគ្នា បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះរួមនឹងមិត្តភក្តិ ដែលស្នាក់នៅជាមួយគ្នា បានទៅចូលរួមកម្មវិធីជប់លៀងក្នុងរោងចក្រ រួចក៏បន្តទៅចួលរួមកម្មវិធីកាត់ចំណងដៃមិត្តភក្តិ នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យទៀត ដោយបាននាំគ្នាផឹកស៊ីរាំច្រៀងយ៉ាងសប្បាយអស់ដៃ រហូតដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ទើបចប់កម្មវិធី ចែកផ្លូវគ្នារកកន្លែងសម្រាករៀងខ្លួន។

ប្រភពដដែលបន្តថា ពេលត្រឡប់មកដល់បន្ទប់ជួលវិញ ជនរងគ្រោះបានត្អូញថា រូបគេដូចជាថប់ស្ទះដង្ហើម អត់ស្រួលខ្លួនសោះ ភ្លាមនោះ ជនរងគ្រោះក៏ចាប់ផ្តើមដកចង្កាមាន់ បញ្ឈរភ្នែកតែម្តង ទើបមិត្តភក្តិនាំគ្នា ជួយគក់ច្របាច់ រួចប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង តែពេលដឹកទៅដល់គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ ទើបនាំគ្នាដឹកយកសាកសពទៅតម្កល់ទុកនៅវត្តតាំងកសាងខាងត្បូង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន រហូតដល់ព្រឹកឡើងភ្លឺច្បាស់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យកោសល្យវិច័យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង ហើយប្រគល់ជូនក្រុមគ្រួសារចាត់ចែង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕