Friday, November 14, 2025
Homeព័ត៌មានជាតិប្តីប្រពន្ធវ័យក្មេង១គូ ផ្អើលអ្នកភូមិ ព្រោះតែរឿងនេះ នរណាក៏ហួសចិត្ត

ប្តីប្រពន្ធវ័យក្មេង១គូ ផ្អើលអ្នកភូមិ ព្រោះតែរឿងនេះ នរណាក៏ហួសចិត្ត

ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ បានកើតមានជម្លោះតឹងសរសៃកដាក់គ្នាតិចតួច ស្រាប់តែបុរសជាប្តីចិត្តក្តៅ បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះខ្ទេចអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់។

បុរសជើងខ្លាំងដែលគ្រាន់តែខឹងប្រពន្ធតិចតួច បែរជាដុតផ្ទះខ្លួនឯងឆេះហ្មត់ អត់ជម្រកនៅនេះ មានឈ្មោះម៉ុក ទិត្យ អាយុ២១ឆ្នាំ  មុខរបរកសិករ មានប្រពន្ធឈ្មោះគី នឿន អាយុ២០ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធ១គូនេះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកផ្ទះ ដែលទទួលរងការឆាបឆេះ មានទំហំ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្បូវ (ឆេះអស់ទាំងស្រុង)។

តាមប្រភពពីសាច់ញាតិប្តីប្រពន្ធខាងលើ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធមួយគូនេះ នៅវ័យក្មេងខ្ចីដូចគ្នា និងតែងកើតមានជម្លោះ នឹងគ្នាស្ទើររាល់ថ្ងៃ ដោយសារតែម្នាក់ៗសុទ្ធតែមានចិត្តឆេវឆាវ ខ្វះការអត់ធ្មត់ អត់ឱនឱ្យគ្នា ចង់តែឈ្នះចាញ់រៀងខ្លួន ហេតុនេះទើបគ្រាន់តែរឿងតិចតួច ក៏អាចធ្វើឱ្យពួកគេឈ្លោះប្រកែកគ្នាបានដែរ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញបុរសជាប្តីបានដើរទៅទារយកទូរស័ព្ទពីប្រពន្ធមកប្រើ តែប្រពន្ធមិនព្រមឱ្យ ស្រាប់តែប្តីខឹង ក៏រករឿងឈ្លោះប្រកែកគ្នាមួយប៉្រាវ រួចក៏ស្ងាត់មាត់ទៅវិញទៅ រួចហើយបុរសជាប្តីក៏ចេញពីផ្ទះបាត់មួយសន្ទុះ ក៏វិលមកវិញ ដោយមានកាន់ដបសាំង១ដបមកជាមួយ រួចក៏យកមកចាក់ស្រោចផ្ទះ បន្ទាប់មកក៏ដុតផ្ទះ បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមៗនោះ ប្រជាពលរដ្ឋអ្នកជិតខាង បានស្ទុះទៅជួយពន្លត់ភ្លាមៗដែរ តែមិនឈ្នះ ទីបំផុត ផ្ទះទាំងមូលត្រូវភ្លើងឆេះគ្មានសល់ និងមិនអាចជញ្ជូនអ្វីចេញបានសោះឡើយ។

តាមសម្តីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា មូលហេតុដែលប្តីខឹងសម្បារហូតដល់ដុតផ្ទះចោលនេះ គឺដោយសារតែខឹងរឿងនាងមិនព្រមឱ្យទូរស័ព្ទទៅប្រើ ទើបផ្ទុះកំហឹងបែបនេះតែម្តង។ ចំណែកទ្រព្យសម្បត្តិដែលខូចខាត រួមមាន ផ្ទះ១ខ្នងទាំងស្រុង រួមនឹងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងអស់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ ឃាត់ខ្លួនជនបង្កជាប្តីនាំយកមកសាកសួរ និងចាត់ការតាមនីតិវិធី។

ជុំវិញករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ មិនអាចចេញមកជួយអន្តរាគមន៍ទាន់ពេលវេលានោះទេ ដោយសារទទួលបានព័ត៌មានយឺតយ៉ាវ ហើយផ្លូវមានចម្ងាយឆ្ងាយផង៕

RELATED ARTICLES