Friday, November 14, 2025
Homeព័ត៌មានជាតិម្នាក់ៗថាសាហាវណាស់!!! ឪបោកកូនស្រីអាយុ៣ឆ្នាំ ផ្ទប់សសរផ្ទះ សំពងថែមទៀត

ម្នាក់ៗថាសាហាវណាស់!!! ឪបោកកូនស្រីអាយុ៣ឆ្នាំ ផ្ទប់សសរផ្ទះ សំពងថែមទៀត

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះវិញ កើតមានជម្លោះពាក្យសម្តីជាមួយនឹងប្រពន្ធតិចតួច ក៏ស្រាប់តែផ្ទុះកំហឹងបញ្ចោញចរិតព្រៃផ្សៃ ស្ទុះទៅចាប់ជើងកូនស្រី រួចបោកផ្ទប់នឹងសសរផ្ទះ បណ្តាលឱ្យរបួសធ្ងន់ មិនអស់ចិត្ត មិនទាន់បាត់ក្តៅចិត្ត ក៏ស្ទុះទៅទាញដំបងមកវាយសំពងចំក្បាលកូនស្រី បណ្តាលឱ្យរងរបួសថែមមួយជាន់ទៀត ទីបំផុត ក៏ត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់វ៉ៃខ្នោះ អូសកយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍អំពើហិង្សាដ៏ឃោរឃៅ ឪកំណាចចាប់ជើងកូនស្រីបោកផ្ទប់សសរផ្ទះ រួចវាយថែម១ដំបងចំក្បាលទៀតនេះ បានកើតមានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចភូមិអូរសណ្តាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ។

ជនដៃដល់ចិត្តព្រៃផ្សៃដែលត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ មានឈ្មោះថេត ថា អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ដែលត្រូវឪបង្កើតប្រើអំពើហិង្សាយ៉ាងឃោរឃៅ មានឈ្មោះរដ្ឋ សៀវអ៊ី អាយុ៣ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ខាងលើ គឺជាមនុស្សស្រវឹងខួប និងមានចរិតកោងកាចខ្លាំងណាស់ តែងរករឿងវាយតប់ប្រពន្ធកូនសឹងរាល់ថ្ងៃ គ្រាន់តែមិនធ្លាប់ប្រើអំពើហិង្សាធ្ងន់ធ្ងរដូចលើកនេះទេ។ នៅមុនពេលកើតហេតុ គេឃើញជនដៃដល់បានចេញទៅផឹកស្រាតាំងពីព្រឹក លុះដល់ម៉ោងកើតហេតុ ក៏ត្រឡប់មកផ្ទះវិញ រួចក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ស្រាប់តែមិនដឹងជាយ៉ាងម៉េច បែរជាផ្ទុះកំហឹងឆេះឆួល ទប់មិនបាន ក៏ស្ទុះទៅចាប់ជើងកូនស្រីទើបនឹងមានវ័យ៣ឆ្នាំ រួចបោកកូនស្រីផ្ទប់នឹងជញ្ជាំង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។

ប្រភពដដែលបន្តថា បន្ទាប់ពីចាប់ជើងកូនស្រីបោកផ្ទប់នឹងជញ្ជាំងរួច ជនដៃដល់ចិត្តកំណាច នៅមិនទាន់រំសាយកំហឹងអស់នៅឡើយ ក៏ស្ទុះទៅទាញដំបងមកវាយពីលើចំក្បាលកូនស្រី បណ្តាលឱ្យរបួសធ្ងន់ថែម១ជាន់ទៀត។

ក្រោយកើតហេតុ ក្រុមគ្រួសារ រួមនឹងអ្នកជិតខាងក៏ស្ទុះចូលទៅជួយឃាត់ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកចាប់ឃាត់ខ្លួនជនកំណាចរូបនេះ យកទៅចាត់ការតាមច្បាប់។

ដោយឡែក ក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ ប៉ុន្តែមិនទាន់ដឹងថា វាសនានឹងទៅជាយ៉ាងណាទេ ដោយសារតែស្ថានភាពរបួសហាក់ធ្ងន់ធ្ងរខ្លាំងណាស់។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES