Friday, November 14, 2025
Homeព័ត៌មានជាតិចាក់សោចោល ចេញក្រៅបាត់ មកវិញអស់រលីង

ចាក់សោចោល ចេញក្រៅបាត់ មកវិញអស់រលីង

ខេត្តតាកែវ ៖ លំនៅដ្ឋាន១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងធ្វើឱ្យរងការខូខាតទាំងស្រុង ខណៈដែលបុរសជាម្ចាស់ផ្ទះបានចាក់សោទ្វារផ្ទះចោល រួចចេញទៅក្រៅបាត់ លុះពេលត្រឡប់មកវិញ ក៏ប្រទះឃើញភ្លើងកំពុងឆាបឆេះសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៨ ខែមសោ ឆ្នាំ២០១៨ នៅចំណុចភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់។

ផ្ទះដែលទទួលរងការឆាបឆេះនេះ មានទំហំ៤,៥០ម៉ែត្រ គុណនឹង ១៥ម៉ែត្រ ជាប្រភេទផ្ទះឈើលាយថ្មប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះប៉ែន ផាន់ ភេទប្រុស អាយុ៦៨ឆ្នាំ បានជួលទៅឱ្យឈ្មោះម៉ាយ យ៉ាំងតាំង ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនជាតិវៀតណាម មានស្រុកកំណើត នៅភូមិគៀងអាង ឃុំគៀងអាង ស្រុកចើម៉ើយ ខេត្តអាងយ៉ាង ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានបញ្ជាក់ប្រាប់ថា តាមការស្រាវជ្រាវរបសកម្លាំងជំនាញ មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ខណៈដែលម្ចាស់ផ្ទះរវល់ចេញទៅក្រៅ ដោយចាក់សោផ្ទះចោល លុះពេលត្រឡប់មកវិញ ក៏ប្រទះឃើញផ្ទះត្រូវភ្លើងឆាបឆេះគ្មាះនសល់ទៅហើយ។

តាមប្រភពពីម្ចាស់ផ្ទះរងគ្រោះ បានឱ្យដឹងថា អគ្គិភ័យខាងលើបានឆេះបំផ្លាញផ្ទះ១ខ្នងទាំងស្រុង រួមនឹងសម្ភាររួមមាន ម៉ូតូចំនួន៣គ្រឿង (ឆេះខូចខាតទាំងស្រុង) ព្រមទាំងលុយកាក់មួយចំនួនធំទៀតផង។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងជំនាញពន្លត់អគ្គិភ័យស្រុក បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង៕

RELATED ARTICLES