ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សមានសតិមិនប្រក្រតី ចេះតែដើរបាត់ពីផ្ទះជាច្រើនលើកច្រើនសារ ដោយបាត់ម្តងៗចន្លោះពី១ខែទៅ២ខែឯណោះ លុះក្រោយមក ក៏បាត់ខ្លួនចេញពីផ្ទះម្តងទៀត ដោយគ្មានដំណឹងទាល់តែសោះ ហើយទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាងណា នៅតែគ្មានដំណឹង ទីបំផុត៥ខែក្រោយមក ទើបមានគេប្រទះឃីញគ្រោងឆ្អឹងសាកសពស្ត្រីរងគ្រោះនៅក្នុងដីឡូតិ៍មួយកន្លែង និងត្រូវបានក្រុមគ្រួសារស្គាល់ភិនភាគ តាមរយៈសម្លៀកបំពាក់។

ហេតុការណ៍ប្រទះឃើញគ្រោងឆ្អឹងសាកសពខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងដីឡូតិ៍គ្មានមនុស្សស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។

គ្រោងឆ្អឹងសាកសពខាងលើ ត្រូវបានសមត្ថកិច្ចស្រាវជ្រែវាឃើញថា មានឈ្មោះចាន់ លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកសិករ និងជាមនុស្សមានសតិមិនប្រក្រតី មានលំនៅក្នុងភូមិឃុំកើតហេតុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ឈ្មោះតុង ម៉ាប់ ភេទប្រុស ជាប្រជាពលរដ្ឋនៅឃុំអន្លង់រមៀត បានដើររកត្រីនៅក្នុងដីឡូតិ៍ទុកចោល ស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង (ទីតាំងកើតហេតុខាងលើ) រួចក៏បានប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សនៅក្នុងដីឡូតិ៍នោះ ទើបមានការភ្ញាក់ផ្អើល រត់ទៅរាយការណ៍ជូនមកសមត្ថកិច្ច ដើម្បីចុះមកពិនិត្យតែម្តង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ និងបានបង្កើតគណៈកម្មការពិនិត្យ រួមមាន កម្លាំងជំនាញស្រុក-ខេត្ត កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ លុះពិនិត្យ និងធ្វើកោសល្យវិច័យរួច បញ្ជាក់ថា សាកសពស្លាប់ ក្បាលបែរទៅទិសខាងត្បូង។ គ្រោងឆ្អឹងមានសភាពរប៉ាត់រប៉ាយ (ពុកផុយ កប់នឹងរបាយឫសកក់) ពីឆ្អឹងក្បាលទៅស្មងជើងមានប្រវែង២,២៧សង់ទីម៉ែត្រ។ សាកសពស្លៀកខោកៅស៊ូយឺត ពណ៌ស្វាយផ្កាចម្រុះ ជើងត្រឹមក្រោមក្បាលជង្គង់ ខោមានសភាពត្រឡប់បញ្ច្រាសជើងម្ខាង ចង្កេះខោមានចងខ្សែ ក្របួច (ខ្សែជ័រពណ៌បៃតង) ខោមានប្រវែង០,៦០សង់ទីម៉ែត្រ ទទឹងចុងជើងខោមានប្រវែង០,៣០សង់ទីម៉ែត្រ។ លលាដ៏ក្បាលមានសភាព ស្នាមបែក (ដោយសារគ្រោះថ្នាក់ចរាចរណ៍ តាំងពីអាយុ១០ឆ្នាំមកម៉្លេះ)។ ជើងស្តាំមានសភាពអង្កុញ ជើងខាងឆ្វេងសន្តូកត្រង់។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះអាចនឹងស្លាប់ដោយសារការលង់ទឹក ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

តាមសម្តីស្ត្រីឈ្មោះបូ ចាន់នី ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះគឺជាមនុស្សសតិមិនល្អ និងចេះតែដើរចេញពីផ្ទះបាត់ខ្លួនជាញឹកញាប់ ហើយក្នុងមួយលើកៗ បាត់ខ្លួនដល់ទៅ១ខែ ទៅ២ខែឯណោះ។ ក្នុងនោះ ជនរងគ្រោះបាត់ខ្លួនលើកទី១ មិនចាំថ្ងៃខែ ក្នុងឆ្នាំ២០១៨ ដោយបាត់រយៈពេល៣ខែ ហើយក្រុមគ្រួសារក៏បានរាយការណ៍ប្រាប់លោកមេប៉ុស្តិ៍រង ព្រមទាំងផ្សាយដំណឹងតាមរយៈវិទ្យុ ABC ហើយក្រោយមកក៏បានរកឃើញវិញ។ លុះបាត់លើកទី២ នេះមិនបានរាយការណ៍ប្រាប់សមត្ថកិច្ចនោះទេ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏មានគេប្រទះឃើញគ្រោងឆ្អឹងតែម្តង។

បងថ្លៃរបស់ជនរងគ្រោះបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរបាត់ពីផ្ទះតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ ដោយមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញសោះ រហូតមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ក៏មានព័ត៌មានថា មានគេប្រទះឃើញគ្រោងឆ្អឹងសាកសពក្នុងដីឡូតិ៍ ទើបក្រុមគ្រួសារនឹកសង្ស័យក៏នាំគ្នាទៅមើល ទើបដឹងច្បាស់ថា ជាសាកសពរបស់ស្ត្រីរងគ្រោះដែលបាត់ខ្លួនជាង៥ខែមកហើយនេះមែន ដោយចំណាំ និងសម្គាល់ភិនភាគបាន តាមរយៈសម្លៀកបំពាក់ ពិសេសស្នាមបែកត្រង់ លលាដ៍ក្បាល ដែលជនរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីក្មេងមកម៉្លេះ។

គ្រោងឆ្អឹងសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
