ខេត្តបាត់ដំបង ៖ ជនសង្ស័យល្មោភកាមម្នាក់ បានរត់ចោលស្រុកជាង៦ឆ្នាំ បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ ស្រាប់តែថ្ងៃចូលឆ្នាំថ្មី ទំនងជានឹកក្រុមគ្រួសារ ក៏លបវិលចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចប្រទះឃើញ ក៏ចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់ កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី។
ជនសង្ស័យមានឈ្មោះសុខ ពៅ ហៅប្រុត អាយុ២៥ឆ្នាំ រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី។ ជននេះត្រូវឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ៣១២ត,ព្រ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ របស់លោកទ្រី សុភ័ត ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដែលតំណាងអយ្យការបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ដែលប្រព្រឹត្តនៅភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ។

មន្ត្រីផ្នែកអនុវត្តដីកា បានបញ្ជាក់ប្រាប់ថា ក្រោយពីប្រព្រឹត្តបទល្មើស ជននេះបានរត់គេចខ្លួនទៅធ្វើកម្មករនៅប្រទេសថៃ បាត់ដំណឹងឈឹងរហូតមក លុះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជននេះលបចូលមកលេងស្រុក និងបានបង្ហាញមុខនៅនឹងផ្ទះរបស់ខ្លួន ក៏ត្រូវបានកម្លាំងជំនាញអធិការនគរបាលស្រុករុក្ខគិរី ធ្វើការឃាត់ខ្លួនតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕