Friday, November 14, 2025
Homeព័ត៌មានជាតិចាក់១កាំបិតចូលពេទ្យ ប្តីដឹងខ្លួន អង្វរសមត្ថកិច្ចកុំឲ្យចាប់ខ្លួនប្រពន្ធ

ចាក់១កាំបិតចូលពេទ្យ ប្តីដឹងខ្លួន អង្វរសមត្ថកិច្ចកុំឲ្យចាប់ខ្លួនប្រពន្ធ

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់រវល់ផឹកស៊ីជាមួយមិត្តភក្តិ ប្រពន្ធទៅតាមហៅយ៉ាងណា ក៏មិនព្រមក្រោក លុះក្រោយមក បុរសជាប្តីត្រឡប់មកផ្ទះវិញ ធ្វើឱ្យប្រពន្ធខឹងរករឿងក្លាយជាហិង្សា រហូតដល់ប្រពន្ធបានយកកាំបិតចាក់ចំក្បាលពោះ ធ្លាយពោះវៀនចេញមកក្រៅ រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិជ័យនិគមន៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។

បុរសរងគ្រោះ មានឈ្មោះណាន ទូច អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាប្តីបានចេញពីផ្ទះទៅផឹកស៊ីនៅផ្ទះរបស់មិត្តភក្តិក្នុងភូមិ ដោយបាត់យូរពេក ប្រពន្ធក៏ទូរស័ព្ទទៅហៅប្តីឱ្យឆាប់ត្រឡប់មកផ្ទះវិញ តែចាំបាត់ៗ មិនឃើញប្តីមកវិញសោះ ទើបជិះម៉ូតូទៅតាម លុះទៅដល់ បុរសជាប្តីបានឱ្យប្រពន្ធមកមុន ចំណែកខ្លួនជាប្តីនឹងទៅតាមក្រោយ។ ពេលនោះស្ត្រីជាប្រពន្ធក៏ត្រឡប់មកផ្ទះមុន និងចេះតែចាំប្តីបាត់ចាំបាត់ មិនឃើញប្តីមកវិញសោះ។

លុះនៅវេលាម៉ោងកើតហេតុខាងលើ បុរសជាប្តីក៏ត្រឡប់មកដល់ផ្ទះវិញ ទើបធ្វើឱ្យស្ត្រីជាប្រពន្ធខឹង ក៏រករឿងឈ្លោះប្រកែកគ្នារហូតក្លាយជាហិង្សា ក៏ស្ត្រីជាប្រពន្ធយកកាំបិតចុងស្រួច ចាក់ចំក្បាលពោះ បណ្តាលឱ្យធ្លាយពោះវៀនចេញមកក្រៅរងរបួសយ៉ាងធ្ងន់។ ពេលនោះ បុរសជាប្តីបានដើរទៅពេទ្យដោយខ្លួនឯង តែដើរបានបន្តិច ពោះវៀនក៏ធ្លាយបានចេញទ្រេលពីក្នុងពោះ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ទាក់ទងហៅរថយន្តមកសង្គ្រោះមកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាមភ្លាមៗ។ ចំណែកស្ត្រីជាប្រពន្ធវិញ ត្រូវកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនបញ្ជូនមកកាន់អធិការនគរបាលស្រុកពញាក្រែក។

រហូតមកដល់វេលារសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានការសង្គ្រោះពីក្រុមគ្រូពេទ្យ រហូតដល់ដឹងខ្លួនឡើងវិញ បុរសជាប្តីអាចនិយាយបាន ក៏សូមអង្វរសមត្ថកិច្ចកុំឱ្យចាប់ប្រពន្ធរបស់ខ្លួន បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអី ខ្លួនសម្រេចមិនប្តឹងផ្តល់នោះទេ ដោយសាររឿងនេះ ខ្លួនក៏មានចំណែកខុសដែរ ហើយប្រសិនបើប្រពន្ធមានទោស ច្បាស់ជាគ្មានអ្នកណាមើលថែកូនតូចៗ២នាក់នោះទេ។

យ៉ាងណាក្តី ករណីនេះ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រុក និងសុំគោលការណ៏ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត ចុះមកដល់មន្ទីរពេទ្យ ដើម្បីធ្វើកំណត់ហេតុបំភ្លឺរបស់អ្នករងគ្រោះ រួចរាយការណ៏ជូនលោកព្រះរាជអាជ្ញាពីករណីហិង្សាក្នុងគ្រួសារនេះ៕

RELATED ARTICLES