ថៃ នរៈពិទូ ដែលបានបាត់មុខពីសិល្បៈជាច្រើនឆ្នាំមកហើយនោះ ពេលនេះបានប្រកាសថា នឹងវិលត្រឡប់មករកអាជីពចាស់វិញ ដោយត្រៀមថតទាំងភាពយន្ដ និងខារ៉ាអូខេ ព្រមគ្នាតែម្ដង។

ជាមួយការសង្ឃឹមអាចស្ដារមុខមាត់ឡើងវិញនេះ នរៈពិទូ ក៏បានក្លាយទៅជាទូតសុច្ឆន្ទៈ (Brand Ambassador) របស់ផលិតផលប្រចាំប្រទេសថៃ P80 ផងដែរ ខណៈផលិតផលនេះ នៅថៃ តារាតំណាងជាតារាភាពយន្ដដ៏ល្បីល្បាញ លោកណាដេត។

ថៃ នរៈពិទូ បានលេចមុខចូលរួមសម្ពោធក្រុមហ៊ុនដែលមានម្ចាស់ថៃ កាលពីថ្ងៃទី២៨ ខែមេសា ដែលជាការបោះទុនរបស់អ្នកស្រីងិន ម៉ានីយ៉ា ម្ដាយបង្កើតរបស់ពិទូ ដែលគេស្គាល់ថា ជាអ្នកនិពន្ធល្បីឈ្មោះម្នាក់។

ថៃ នរៈពិទូ បានឲ្យដឹងថា ក្រុមហ៊ុនអិនជី ម៉ានីយ៉ា (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនដែលម្ដាយរបស់លោកបានទទួលសិទ្ធិចែកចាយផ្ដាច់មុខពីក្រុមហ៊ុន P80 របស់ថៃ ដំបូងគេនៅកម្ពុជា។ ចំពោះមូលហេតុដែលលោកនិងម្ដាយ សម្រេចចិត្តចំណាយទុនច្រើន សម្រាប់អាជីវកម្មមួយនេះ គឺដោយសារតែ P80 គឺជាផលិតផលសុខភាពដែលជួយឲ្យអ្នកទទួលទានមានសុខភាពរឹងមាំ និងជាផលិតផលដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលរបស់ថៃ ផងដែរ។

ម្ដាយថៃ នរៈពិទូ អ្នកស្រីងិន ម៉ារីយ៉ា បានអះអាងថា លោកស្រីមិនត្រឹមតែបើកក្រុមហ៊ុន P80 ឲ្យពិទូ ធ្វើការគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រីនិងក្រុមការងារ នឹងបង្កើតកូនក្រុម និងបណ្ដាញក្រុមហ៊ុនឲ្យផលិតផលនេះ កាន់តែទូលាយនៅទីផ្សារកម្ពុជា ព្រោះអ្នកស្រីមានមោទកភាពណាស់ ដែលក្រុមហ៊ុនល្បីរបស់ថៃ អនុញ្ញាតឲ្យអ្នកស្រីនិងកូនៗ បានក្លាយជាអ្នកទទួលសិទ្ធិផ្ដាច់មុខលើ P80 ដោយអ្នកស្រីរំពឹងថា ផលិតផលនេះនឹងមានអ្នកគាំទ្រពីប្រជាជនកម្ពុជា ជាមិនខាន។

អ្នកស្រីម៉ានីយ៉ា បន្ថែមទៀតថា ក្រុមហ៊ុនអ្នកស្រីនឹងគ្រោងធ្វើពិធីសម្ពោធទ្រង់ទ្រាយធំម្ដងទៀត នៅសណ្ឋាគារភ្នំពេញ ដោយមានអ្នកតំណាងផលិតផលរបស់ថៃ តារាសម្ដែងលោកណាដេត មកបង្ហាញខ្លួននៅកម្ពុជា ដោយចាប់ដៃជាមួយថៃ នរៈពិទូ ទៀតផង៕

