ឌួង ហ្សូរីម៉ា ដែលជាប្អូនពៅរបស់ពិធីការិនីឌួង ហ្សូរីដា បានបាត់មុខធ្វើពិធីការិនីនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ និងការថត MV មួយរយៈមកហើយ ដែលធ្វើឲ្យអ្នកខ្លះថា តារាតូចច្រឡឹងរូបនេះ បោះបង់អាជីពសិល្បៈកណ្ដាលផ្លូវទៀតផង។

ទោះជាយ៉ាងណា តាមដំណឹងថា អំឡុងពេលដែលហ្សូរីម៉ា រយាលពីអាជីពសិល្បៈនេះ ដោយសារនាងផ្ដោតទៅលើការបង្កើតមុខជំនួញផ្ទាល់ខ្លួន តាមរយៈការចេញទៅសិក្សាវគ្គខ្លី ស្ដីពីការផលិតគ្រឿងសម្អាងនៅថៃ ពី The One Lab Cambodia ដែលបានបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ។

ព័ត៌មានបានឲ្យដឹងថា ឌួង ហ្សូរីម៉ា ក៏បាននាំបងស្រីទី២របស់នាង គឺកញ្ញាឌួង កូហ្សូណា ទៅរៀនទាក់ទងផ្នែកគ្រឿងសម្អាងនៅថៃ ដែរ ហើយអ្នកទាំង២ គ្រោងនឹងបើកហាងសាឡនមួយ នៅពេលខាងមុខ ដែលមានការគាំទ្រពីបងស្រីរបស់នាង កញ្ញាឌួង ហ្សូរីដា ។

ឌួង ហ្សូរីដា ថ្លែងថា នេះមិនមែនជាលើកទី១ទេ ដែលប្អូនស្រីទាំង២របស់នាង បានចេញទៅរៀនទាក់ទងផ្នែកសម្រស់ និងគ្រឿងសម្អាងនៅថៃនេះព្រោះកាលពីឆ្នាំមុន ពួកគេក៏បានទៅរៀនផ្នែកអ៊ុតរោមភ្នែក កន្លះឆ្នាំដែរ។

ដោយឡែក ថ្មីៗនេះ ប្អូនទាំង២របស់នាង គឺកូហ្សូណា និងហ្សូរីម៉ា ទើបបានបញ្ចប់វគ្គសិក្សាស្ដីអំពីកាផលិតការស្វែងយល់នៃធាតុផ្សំផ្សេងៗ នៃការផលិតប្រកបដោយគុណភាពស្ដង់ដារអន្ដរជាតិ ក្រោមច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយគុណភាពខ្ពស់ ហើយអាចផលិតបេ្រនផ្ទាល់ខ្លួនបានទៀតផង។

ហ្សូរីដា បញ្ជាក់ផងដែរថា ក្រុមហ៊ុន Mudhita Tranding Co.Ltd តែងតែបញ្ជូនថ្នាក់ដឹកនាំ និងបុគ្គលិករបស់ខ្លួន ទៅបំពាក់បំប៉នយកចំណេះដឹងបន្ថែម ដើម្បីបំពេញតម្រូវការអតិថិជន និងមកអភិវឌ្ឍន៍ក្រុមហ៊ុនរបស់ខ្លួន។

ហ្សូរីដា បន្ថែមទៀតថា ពេលនេះ ប្អូនស្រីរបស់នាងទាំង២ មានប្រេនផ្ទាល់ខ្លួន គឺ N27 ដែលជាដើមទុនរបស់ពួកគេផ្ទាល់ ហើយហ្សូរីម៉ា នឹងទៅរៀនបន្ដទៀតនៅថៃ ទាក់ទងសម្រស់ ដើម្បីគ្រោងបើកហាងសាឡនមួយនាពេលខាងមុខ។

ដោយឡែក The One Lab Cambodia ក៏បានបញ្ជាក់ថា សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាខ្លី ស្ដីពីការផលិតគ្រឿងសម្អាងមកពីប្រទេសកម្ពុជា ក៏ដូចជា កញ្ញាឌួង កូហ្សូណា និងឌួង ហ្សូរីម៉ា គឺពួកគាត់បានយល់ច្បាស់លើផលិតផលដែលមានផលប៉ះពាល់ និងការថែរក្សា។

ឌួង ហ្សូរីដា អះអាងថា រូបនាងក៏ដូចជាប្អូនស្រីឌួង ហ្សូរីម៉ា នឹងមិនបោះបង់អាជីពសិល្បៈទេ ប៉ុន្តែពេលនេះចង់ផ្ដោតលើមុខជំនួញ ក្រៅពីសិល្បៈឲ្យបានរឹងមាំសិន៕
