ឌុច សុភា បានរើខ្លួនចេញពីទ្រុងស្នេហ៍លោកផ្កាយ២ ដោយជោគជ័យ នៅឆ្នាំ២០១៩ ការមានសិទ្ធិសេរីភាពចូលថតកុនវិញ យ៉ាងពេញលេញ ក្រោយអាក់ខានជាង៥ឆ្នាំមក។
ក្រៅពីធ្លាក់ពីតំណែងជាតួឯក មកធ្វើជាតួម្តាយ ឌុច សុភា ត្រូវបានគេកត់សម្គាល់ថា នាងបានប្រែប្រួលសម្រស់ខ្លាំង ហើយឡើងគីឡូ និងបែកសាច់ខូចរាង ជាដើម ដែលធ្វើឱ្យគេសង្ស័យថា នេះជាមូលហេតុដែលគូស្នេហ៍កំបាំងមុខ ព្រមដោះលែងនាងពីទ្រុងស្នេហ៍ និងធ្វើឱ្យអ្នកមេម៉ាយរូបនេះសប្បាយចិត្ត…។

ឌុច សុភា ធ្លាប់ត្រូវបានគេសរសើរថា នាងជាតារាដែលមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ គឺមិនបានកែកុនដាក់សម្រស់សិប្បនិម្មិតដូចតារាមួយចំនួនទេ ហើយទោះជាមានកូន1ក្តី ប៉ុន្តែអ្នកមេម៉ាយរូបនេះ នៅតែជាទីគយគន់សម្រាប់ប្រុសៗអ្នកមានទ្រព្យទាំងឡាយជ្រួលជ្រើមស្នេហ៍ដដែល ព្រោះរាងនៅស្វែលមិនចាញ់តារាបង្ហាញម៉ូដឡើយ។
ប៉ុន្តែនៅឆ្នាំ2019នេះ ឌុច សុភា ហាក់ប្រែប្រួលរូបសម្រស់ខុសពីឆ្នាំមុនៗច្រើន រហូតដល់តារារូមអាជីពមានការភ្ញាក់ផ្អើលចំពោះសុភា ទៀតផង។ ការប្រែប្រួលសម្រស់របស់ឌុច សុភា ដោយគេសង្កេតឃើញថា នាងឡើងគីឡូប្លែក ហើយផ្ទៃមុខចាស់ជាងមុន ដែលមើលទៅ គឺបាក់សម្រស់ជាងពេលមុនៗតែម្តង។
តារាដែលស្និទ្ធឌុច សុភា បានលាន់មាត់ថា ស្ទើរមិនគួរឱ្យជឿឡើយ ដែលសុភា បណ្តោយខ្លួនឱ្យធ្លាក់សម្រស់បែបនេះ ប៉ុន្តែតារាខ្លះទៀតបាននិយាយកាន់ជើងអ្នកមេម៉ាយរូបនេះថា ធម្មតាទេ ពេលនេះនាងមានកូន1ទៅហើយ តើឱ្យស្អាតដូចកាលនៅក្រមុំ ម៉េចនឹងទៅរួច?

ចំពោះការធ្លាក់សម្រស់របស់ឌុច សុភា នៅពេលនេះ ត្រូវបានអ្នកសិល្បៈដែលស្និទ្ធឌុច សុភា បង្ហើបឱ្យដឹងថា ដោយសារសុភា សប្បាយចិត្ត ញ៉ាំច្រើន ហើយមិនហាត់កីឡាដូចមុន ទើបខូចរាងស្វែលអស់រលីង។
ការបណ្តោយឱ្យរូបសម្រស់ប្រែប្រួលខ្លាំងរបស់ឌុច សុភា នៅពេលនេះ ត្រូវបានគេសន្និដ្ឋានថា ជាដើមចមដែលធ្វើឱ្យគូស្នេហ៍កំបាំងមុខរបស់នាង ដែលត្រូវគេស្គាល់ថា ជាលោកផ្កាយ2នោះ ចាប់ផ្តើមដកចិត្តស្នេហ៍ពីអ្នកមេម៉ាយរូបនេះ បន្តិចម្តងៗ រហូតព្រមឱ្យនាងវិលមកចូលលេងសិល្បៈវិញ កាលពីឆ្នាំ2018ទៀតផង។

ប៉ុន្តែយ៉ាងណា លោកធំដែលធ្លាប់ត្រូវបានភរិយាបកអាក្រាតរឿងចាយលុយផ្គាប់ចិត្តឌុច សុភា មិនក្រោម1លានដុល្លារនេះ នៅតែមិនទាន់ដាច់អាល័យស្នេហ៍ពីសុភា ទាំងស្រុងឡើយ ដោយសុភា អាចលេងសិល្បៈថតសម្តែងវិញបានមែន ប៉ុន្តែអ្នកមេម៉ាយកូន1រូបនេះ នៅតែជាប់បម្រាមពីគូស្នេហ៍មិនឱ្យចូលរួមកម្មវិធីសិល្បៈ ដែលមិនចាំបាច់ទេ ហេតុនេះហើយ បានជាច្រើនឆ្នាំមកនេះ គេនៅតែមិនឃើញសុភា បង្ហាញខ្លួនតាមបណ្តាកម្មវិធីអ្នកសិល្បៈ។
ប៉ុន្តែនៅឆ្នាំ2018-2019នេះ នាងមានភ័ព្វសំណាងជាងមុន ព្រោះត្រូវគូស្នេហ៍បិទមុខនោះ អនុញ្ញាតឱ្យនាងវិលមកថតសម្តែងភាពយន្តនៅហង្សមាស បាន2រឿង ក្នុងឋានៈជាតួម្តាយ គឺរឿង “ផ្កាថ្ម” និងរឿង “ខ្ញុំមានញាណលើស”។

ដោយឡែក បណ្តាផលិតកម្មមួយចំនួនទៀត បានចាប់អារម្មណ៍ហៅសុភា ឱ្យថតកុនដូចមុនឡើងវិញ ប៉ុន្តែសុភា មិនមែនចេះតែថតគ្រប់រឿងទេ គឺទាល់តែរឿងនោះស័ក្តិសមជាមួយនាងសម្តែង ហើយបានតម្លៃខ្លួនខ្ពស់ ទើបនាងព្រមថត។
ឌុច សុភា បានលែងលះប្តី លោកពៅ សីហា មន្ត្រីប៉ូលីសច្រកព្រំដែនបាវិត កាលពីឆ្នាំ2011 ក្រោយរៀបការបានតែ2ឆ្នាំប៉ុណ្ណោះ ហើយពេលនេះ បន្សល់ចំណងដៃកូនប្រុសម្នាក់ ឈ្មោះខេនខេន អាយុជិត10ឆ្នាំ។

គ្រាន់តែស្ពាយបង្វេចចុះចេញពីវីឡាស្កឹមស្កៃរបស់អតីតប្តី ក្បែរផ្សារដីហុយ ដោយយកតែកូនប្រុសមកតាម មិនបានប៉ុន្មានម៉ោងផង សុភា ត្រូវបានលោកផ្កាយ2ម្នាក់ រង់ចាំស្អំដំបៅបេះដូង ហើយនាងទទួលបានកាដូវីឡាមួយយ៉ាងប្រណីត តម្លៃជាង20ម៉ឺនដុល្លារ ដោយសម្ពោធផ្អើលអ្នកស្រុកនៅភូមិបៃតង សង្កាត់ភ្នំពេញថ្មី ព្រោះមានកងអង្គរក្សព័ទ្ធការពារជុំជិត។

សុភា ឡើងកាលីពជិះរថយន្តទំនើប Range Rover ថ្លៃជាង10ម៉ឺនដុល្លារថែមទៀត ហើយនាងត្រូវផ្តាច់ខ្លួនពីអាជីពសិល្បៈ និងមិត្តភក្តិជិតស្និទ្ធទាំងស្រុង ជាច្រើនឆ្នាំមកនេះ គឺទើបតែនៅឆ្នាំ2018 ទេ ដែលអ្នកមេម៉ាយរូបស្រស់រូបនេះ ចេញមុខមកស្តារកេរ្តិ៍ឈ្មោះឡើងវិញ ប៉ុន្តែត្រូវបានអ្នកដឹកនាំសម្តែងផ្តល់តំណែងឱ្យនាងធ្វើជាតួម្តាយទៅហើយ។
តាមព័ត៌មានបានឱ្យដឹងថា សុភា មិនហ៊ានប្រឆាំងនឹងគូស្នេហ៍បាំងមុខឡើយ ព្រោះនាងខ្លាចត្រូវបុរសនោះដកហូតទ្រព្យដូចតារាមួយចំនួនទៀត ដែលរើខ្លួនចេញពីចំណងស្នេហ៍។

ប៉ុន្តែសុភា ដែលត្រូវបានគេមើលឃើញថា រូបសម្រស់របស់នាងធ្លាក់ចុះ ធ្វើឱ្យលោកផ្កាយ2 មិនសូវហួងហែងដូចមុននេះ នៅតែមានមន្ត្រីធំៗជាច្រើនរង់ចាំត្រងស្នេហ៍អ្នកមេម៉ាយរូបនេះដដែល ប្រសិនបើលោកផ្កាយ២ អស់និស្ស័យស្នេហាមែន”