មាស សុខសោភា ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អាណិកជនខ្មែរ នៅកាណាដា ដោយសំបុត្រត្រូវបានគេទិញអស់ៗ បន្ទាប់ពីដាក់លក់តែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ការនិយមចូលចិត្តមាស សុខសោភា នៅប៉ែកអឺរ៉ុបនេះ ធ្វើឱ្យអ្នកចម្រៀងថោន និង Camtrax រូបនេះ ត្រូវប៉ាន់កើបលុយបានធំ ហើយជារៀងរាល់ឆ្នាំ សោភា តែងតែឆ្លៀតចេញទៅច្រៀងនៅបរទេស យ៉ាងហោចណាស់ក៏ម្តងដែរ។

សំណួរដែលមហាជនតែងចោទឡើងថា តើហេតុអីបានជាមាស សុខសោភា ត្រូវប៉ាន់ ទីផ្សារចម្រៀងក្រៅស្រុកខ្លាំងជាងក្នុងស្រុក?

ចម្ងល់នេះដោយសារតែទស្សនិកជនយល់ថា នៅក្នុងស្រុក មាស សុខសោភា មានទីផ្សារប្រដមប្រសងជាមួយឱក សុគន្ធកញ្ញា ជាច្រើនឆ្នាំមកហើយ តែនៅបរទេសវិញ សោភា វ៉ាដាច់សុគន្ធកញ្ញា ឆ្ងាយ ព្រោះតាមព័ត៌មានថា អំឡុងពេលដែលសុគន្ធកញ្ញា ចេញទៅច្រៀងសម្តែងនៅអាមេរិក កាលពីឆ្នាំមុននោះ មិនសូវមានអ្នកគាំទ្រឡើយ។

យ៉ាងណាអ្នកនាំតារាចេញទៅច្រៀងសម្តែងនៅបរទេស បានឱ្យដឹងថា មាស សុខសោភា អាចច្រៀងបានគ្រប់ទម្រង់ ពិសេសគឺច្រៀងបទពីដើមៗបានយ៉ាងពីរោះនោះ ជាកត្តាធ្វើឱ្យនាងមានប្រៀបជាងតារាផ្សេងៗទៀត។

ដោយឡែក ការដែលសោភា មិនដែលដង្ហែបក្សណានោះ ក៏ធ្វើឱ្យអាណិកជនខ្មែរ នៅក្រៅស្រុកពេញចិត្តខ្លាំងដែរ ហេតុនេះហើយបានជាមកដល់ពេលនេះ គេឃើញសោភា នៅប្រកាន់ជំហរមិនត្រឹមតែមិនដង្ហែបក្សទេ គឺសូម្បីតែបទចម្រៀងពាក់ព័ន្ធនយោបាយ ក៏នាងមិនដែលច្រៀងដែរ ដែលគោលការណ៍នេះ ជាការរក្សាទីផ្សារនៅក្រៅស្រុករបស់សោភា តែម្តង។

លោកសុះ ម៉ាច អតីតប្រធានសមាគមសិល្បករខ្មែរ ធ្លាប់បានលើកឡើងថា តារាណាក៏មានសិទ្ធិគាំទ្រគណបក្សដែលខ្លួនស្រលាញ់ដែរ ប៉ុន្តែរឿងប្រឈមដែលពួកគេមិនអាចប្រកែកបានពេលដែលចេញទៅច្រៀង សម្តែងនៅក្រៅប្រទេសនោះ តារាដែលហែបក្ស ប្រាកដជាប្រឈមការបាត់បង់ការគាំទ្រជាមិនខានឡើយ៕