សម្រាប់ឆ្នាំ២០១៩ នេះ គេឃើញមានតារាទាំងប្រុសស្រីជាច្រើនដួង បានលេងម៉ូដរថយន្តទំនើបៗតម្លៃរាប់សែនដុល្លារ មិនចាញ់តារាប្រទេសជិតខាងឡើយ។
ដោយឡែកនៅឆ្នាំ២០១៩ នេះផងដែរ គេកត់សម្គាល់ថា មានតារា១០ដួង កំពុងរស់នៅផ្ទះវីឡាយ៉ាងហ៊ឺហា។
១-ឱក សុគន្ធកញ្ញា ៖ បានទិញវីឡាទ្រនំស្នេហ៍ តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីអ័រគីដេ ផ្លូវ២០០៤ ហើយនាងត្រៀមដឹកដៃប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី រៀបការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះហើយ បន្ទាប់ពីពួកគេបានភ្ជាប់ពាក្យកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។

២-ពេជ្រ សោភា ៖ បើទោះជាបរាជ័យស្នេហ៍ជាបន្តបន្ទាប់ក្តី តែពេជ្រ សោភា ដែលលែងប្តីអាណិកជនខ្មែរនៅអាមេរិក លោកឡៅ ឆលី កាលពីឆ្នាំ២០១៦ នោះ ពេលនេះ នាងទិញវីឡាតម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីប៉េងហួត ក្បែរផ្សារប៉េសេ រាជធានីភ្នំពេញ។

៣-ស៊ឹម សូលិកា ៖ អតីតសង្សារលោកទិត ថាវរិទ្ធ នេះ បានភ្ជាប់ស្នេហ៍ជាមួយលោកអេង រិទ្ធី ហើយពេលនេះ នាងរស់នៅផ្ទះវីឡាតម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីប៉េងហួត បឹងស្នោរ ដោយមិនទាន់មានដំណឹងចូលរោងការជាថ្មីឡើយ។

៤-ឌួង ហ្សូរីដា ៖ អតីតពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ រូបនេះ បានងាកមកធ្វើមុខជំនួញផ្ទាល់ខ្លួន តាមរយៈការបើកហាងរក្សាសម្រស់ ដែលនាំចូលផលិតផលពីបរទេស រហូតជោគជ័យ ពង្រីកសាខាជាបន្តបន្ទាប់។ ហ្សូរីដា ថា សម័យនេះហើយ មនុស្សមួយចំនួនអាចនៅវីឡាបាន ព្រោះជ្រើសរើសវិធីបង់រំលស់ ហេតុនេះហើយបានជានាងមានលទ្ធភាពទិញដូចគេដែរ។

៥-នៅ សុនិតា ៖ តារាសម្តែង និងពិធីការិនីរូបនេះ បានក្លាយទៅជាគូស្នេហ៍របស់ពោះម៉ាយ ទិត ថាវរិទ្ធ ហើយនាងពពោះជាង៥ខែទៅហើយ ទាំងមិនទាន់កំណត់ពេលវេលារៀបការ។ នៅ សុនិតា ដែលក្លាយជាជំទាវតូចនេះ រស់នៅផ្ទះវីឡាទ្រនំស្នេហ៍ជាមួយលោកថាវរិទ្ធ តម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីប៉េងហួត បឹងស្នោរ ក្បែរផ្ទះស៊ឹម សូលិកា ដែរ។

៦-ថន លក្ខិណា ៖ បានទិញវីឡាតម្លៃជាង២០ម៉ឺនដុល្លារ នៅទល់មុខសាកលវិទ្យាល័យកសិកម្មព្រែកលៀប ហើយនាងកាន់តែថែសម្រស់ឱ្យប្លែកៗ និងលាក់បាំងគូស្នេហ៍ជាង១០ឆ្នាំហើយ។

៧-ទឹម រដ្ឋា ៖ ក្រោយផ្តាច់ស្នេហ៍ប្រុសប៉ាគីស្ថាន លោក Zak Ky ពេលនេះ ទឹម រដ្ឋា បានភ្ជាប់ស្នេហ៍ជាមួយប្រុសអាមេរិក កាត់អេស្បាញ និងទិញវីឡាទ្រនំស្នេហ៍តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីមេគង្គ ព្រែកលៀប។

៨-រ៉ាប៊ី ៖ ម្ចាស់បទ “មាន់ស្រែ” រូបនេះ បានឡើងកូដទិញផ្ទះវីឡាតម្លៃ១៥ម៉ឺនដុល្លារ នៅបុរីប៉េងហួត បឹងស្នោរ ដោយនាងអះអាងថា គ្មានប្រុសណាឧបត្ថម្ភទេ តែនាងបង់រំលស់ ១ខែ ជាង១ពាន់ដុល្លារ។

៩-បេប៊ី ៖ ស្រីស្អាតនេះ ត្រូវបានគេបង្ហើបឱ្យដឹងថា នាងទិញផ្ទះវីឡាតម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីប៉េងហួត បឹងស្នោរ ហើយតារាថោន នេះថា នាងគ្មានប្រុសណាជួយទេ តែជាលុយបានមកដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។

១០-ទេព បូព្រឹក្ស ៖ អតីតអ្នកចម្រៀង TV Production និងរស្មីស្ទឹងសង្កែ មកទើរនៅហង្សមាស នេះ បានទិញវីឡាតម្លៃ១៤ម៉ឺនដុល្លារនៅបុរីប៉េងហួត បឹងស្នោ ហើយនាងថា គ្មានប្រុសណាជួយទេ ព្រោះនាងអាចរកប្រាក់ពីអាជីពសិល្បៈបាន ក្នុង១ខែៗ មិនក្រោម៥ពាន់ដុល្លារឡើយ។

ក្រៅពីតារាស្រីទាំង១០ដួងខាងលើនេះ ក៏មានតារាជាច្រើនទៀតដែលរស់នៅផ្ទះវីឡាដែរ ដូចជា នាងឈួន សុវណ្ណឆៃ, ខេន ឌី, ដួង ស្រីពេជ្រ និងម៉ាក សែនសូនីតា ជាដើម”