តារាចម្រៀងឱក សុគន្ធកញ្ញា ដែលកំពុងតែឡើងគីឡូប្លែកនោះ ព្រោះភ័យផងអរផង ខណៈថ្ងៃរៀបការកាន់តែខិតចូលមកដល់ កាន់តែមមាញឹកខ្លាំងទៀត រឿងដើរហៅភ្ញៀវការ ដែលភាគច្រើនជាតារាសិល្បៈដូចគ្នា ទើបធ្វើឲ្យសុគន្ធកញ្ញា ហត់នឿយខ្លាំង រត់ខ្វែងដៃខ្វែងជើង ស្របពេលដែលមង្គលការរបស់នាងនៅសល់២សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងចូលមកដល់ហើយ។

តាមរយៈការបង្ហាញខ្លួនឡើងច្រៀងក្នុងកម្មវិធីសម្រស់ឯកវាយនភណ្ឌនៅទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ កាលពីរាត្រីថ្ងៃទី១ ខែឧសភា នោះ សុគន្ធកញ្ញា បានស្ពាយធៀបការមួយបាច់ធំ ចែកអ្នកសិល្បៈរួមអាជីព ដូចជា សុខ សោម៉ាវត្តី , ជួប សុភ័ក្រ , រ៉េត ស៊ូហ្សាណា , ឆាយ វីរៈយុទ្ធ , ឈិន ម៉ានិច្ច និងគង់ វិសាល ជាដើម។

ចំណែកតារាៗដែលបានទទួលធៀបការពីសុគន្ធកញ្ញា ហើយ ពួកគេនិយាយថា មិនហ៊ានអាក់ខានកម្មវិធីពិសេសរបស់តារាចម្រៀងនេះទេព្រោះថា ភ្ញៀវដែលនាងហៅទាំងអស់ គឺសុទ្ធតែសម្រិតសម្រាំងជាពិសេស ហើយហៅតែអ្នកជិតដិតបំផុតប៉ុណ្ណោះ មិនមែនហៅតារាទូទៅទេ។

ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នឹងកំណត់ថ្ងៃចូលរោងការ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគាសុខាភ្នំពេញ ដោយមង្គលការនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយលុយមិនក្រោម១០ម៉ឺនដុល្លារឡើយ។

មហាជនជាច្រើនរង់ចាំមើលថា សុគន្ធកញ្ញា ដែលកំពុងសម្រុកហៅភ្ញៀវញាំការនាងនោះ នាងនឹងហៅអតីតសង្សារ លោករ៉េតធី ដូណា ឲ្យទៅញាំការនាងដែរឬអត់? ខណៈដែលលោកដូណា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា បើសុគន្ធកញ្ញា ហៅការ លោកនឹងទៅចូលរួមដោយរីករាយ៕

