Saturday, November 15, 2025
Homeព័ត៌មានជាតិវ៉ាលិសទាំង៤​ ដែលប្លុងចោលមុខផ្ទះអភិបាលខេត្តកោះកុង មានផ្ទុករបស់នេះ

វ៉ាលិសទាំង៤​ ដែលប្លុងចោលមុខផ្ទះអភិបាលខេត្តកោះកុង មានផ្ទុករបស់នេះ

ខេត្តកោះកុង ៖ វ៉ាលីសចំនួន៤ ត្រូវបានជនមិនស្គាល់មុខយកមកប្លុងចោល នៅចំណុចក្បែររបងភូមិគ្រឹះលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងត្រូវបានគេប្រទះឃើញទាំងព្រឹកព្រលឹម រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល ដល់កម្លាំងជំនាញ ចម្រុះចុះមកអន្តរាគមន៍ពិនិត្យមើលភ្លាមៗ។

ហេតុការណ៍ប្លុងវ៉ាលីសចំនួន៤ ចោលនៅក្បែររបងផ្ទះលោកស្រីអភិបាលខេត្តកោះកុងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណជាង៦ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរភូមិគ្រឹះលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដែលមានទីតាំងស្ថិតនៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

លោកហេង លាង អធិការក្រុងខេមរៈភូមិន្ទ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ ថាមានការប្លុងវ៉ាលីសចោលនៅចំណុចខាងលើ លោកបានចាត់ឱ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលដងទង់ និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចុះមកធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុ និងរាយការណ៍ទៅខេត្ត ដើម្បីចាត់កម្លាំងជំនាញចុះមកពិនិត្យ។

លោកអធិការ បន្តថា បន្ទាប់ពីមានការពិនិត្យជាក់ស្តែងឃើញថា នៅក្នុងវ៉ាលីសទាំង៤ ដែលត្រូវបានប្លុងចោលនោះ ពុំមានផ្ទុកសារធាតុជាតិផ្ទុះអ្វីគួរឱ្យកត់សំគាល់នោះទេ គ្រាន់តែមានសម្លៀកបំពាក់បុរសនិងនារី ព្រមទាំងគ្រឿងសំអាងមួយចំនួនតែប៉ុណ្ណោះ។ បន្ទាប់ពីបានធ្វើការពិនិត្យរួចរាល់ សមត្ថកិច្ចបានយកវ៉ាលីសទាំង៤នោះ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីស្វែងរកម្ចាស់។

សូមបញ្ជាក់ថា កន្លងមក ពុំដែលមានករណីបែបនេះកើតឡើងនៅលើទឹកដីខេត្តកោះកុង នោះទេ ករណីនេះបានធ្វើឱ្យពលរដ្ឋជាច្រើនបានសម្តែងនូវអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខសុវត្ថិភាពគ្រួសារគាត់ ដោយលើកឡើងថា ប្រសិនបើជាក្នុងវ៉ាលីសនោះមានផ្ទុកនូវសារធាតុជាតិផ្ទុះនោះ គឺពិតជាធ្វើឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់៕

RELATED ARTICLES