Tuesday, September 16, 2025
Homeតារាខ្មែរថៃ នរៈពិទូ ប្តេជ្ញាឈប់សេពគ្រឿងញៀន

ថៃ នរៈពិទូ ប្តេជ្ញាឈប់សេពគ្រឿងញៀន

អតីត Freshie Boys លេខ១ កាលពីឆ្នាំ២០០៦ ថៃ នរៈពិទូ ដែលជាកូនប្រុសឯកឧត្តមថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី ងិន ម៉ារីយ៉ា អតីតអ្នកនិពន្ធផលិតកម្មរស្មីហង្សមាស នោះ បានវិលត្រឡប់មករកអាជីពចាស់វិញហើយ បន្ទាប់ពីបាត់ខ្លួនជាច្រើនឆ្នាំ ដោយជួបរឿងអាម៉ាស់ត្រូវប៉ូលិសចាប់ខ្លួនរឿងសេពគ្រឿងញៀន។

ថៃ នរៈពិទូ អះអាងថា លោកសង្ឃឹមអាចស្តារមុខមាត់ឡើងវិញបាន តាមរយៈការត្រៀមថតភាពយន្តថ្មីមួយនាពេលខាងមុខនេះ រួមទាំងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការថត MV និងការងារសិល្បៈផងដែរ។

ពិទូ និយាយដោយទទួលស្គាល់កំហុសឆ្គងថា គ្មានមនុស្សឯណាមិនចេះខុសទេ តែខុសហើយ ត្រូវចេះកែខ្លួន ហើយពេលនេះ លោកបានផ្តាច់គ្រឿងញៀនអស់ហើយ។ តារាសម្តែងរូបនេះ ក៏បានផ្ញើសារផ្តាំផ្ញើដល់យុវវ័យទាំងឡាយដែរថា ត្រូវតែដើរជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ថៃ នរៈពិទូ មានជំនឿចិត្តយ៉ាងមុតមាំថា នឹងមានផលិតករមួយចំនួនចាប់ផ្តើមហៅថតការងារសិល្បៈឡើងវិញ ព្រោះពេលនេះ លោកអាចថតសម្តែងបានវិញហើយ។

បុរសដែលនៅតែសង្ហានេះបន្ថែមថា កាលពីខែមុន មានផលិតករមួយចំនួនបានទាក់ទងហៅឱ្យថតកុនដែរ តែពេលនោះ លោករវល់ ទើបមិនអាចថតបាន។ ប៉ុន្តែចាប់ពីពេលនេះតទៅ គឺមានពេលវេលាគ្រប់គ្រាន់ក្នុងការថតកុន។

ក្រៅពីថៃ នរៈពិទូ តារាដែលធ្លាប់ប៉ះរឿងអាស្រូវសេពគ្រឿងញៀន មានដូចជា សាន ផានិត និងប៊ុត សីហា ជាដើម ដែលពេលនេះ ទោះជាពួកគេថា បានផ្តាច់គ្រឿងញៀនទាំងស្រុងមែន តែកេរ្តិ៍ឈ្មោះនៅតែពិបាកស្តារ មិនអាចល្បីបានដូចដើមឡើយ៕

RELATED ARTICLES