ខណៈដែលតារាហង្សមាស ព្រាប សុវត្ថិ កំពុងមានអ្នកគាំទ្រច្រើនពីសំណាក់អាណិកជនខ្មែរ នៅអាមេរិកនោះ មាស សុខសោភា តារាចម្រៀងរបស់ផលិតកម្មថោន វិញ ក៏មិនណយដែរ ព្រោះត្រូវអាណិកជនខ្មែរនៅទីនោះ បានទិញសំបុត្រចូលមើលការសម្តែងរបស់នាងឡើងណែនៗសាលតែម្តង។

មាស សុខសោភា បានចាប់ដៃគូច្រៀង សម្តែងជាមួយអតីតពិធីករ CTN លោកខៀវ សំភេទ ហើយបន្ទាប់ពីច្រៀងសម្តែងនៅកាណាដា ចប់ សោភា នឹងហោះបង្ហួសទៅច្រៀងសម្តែងនៅអាមេរិក ជាបន្តទៀត ដោយនាងអះអាងប្រាប់អ្នកយកព័តមានយើងថា ចំនួនអាណិកជនខ្មែរ នៅកាណាដា មានតិច ហេតុនេះហើយត្រូវបន្តវីសាទៅច្រៀងនៅអាមេរិក បូកនឹងកាណាដា រយៈពេល៣ខែ ទើបនាងវិលមកស្រុកវិញ។

មាស សុខសោភា បានហោះទៅកាណាដា កាលពីថ្ងៃទី១៨ ខែមេសា ដែលរួមដំណើរដោយស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា ដែលជាអាណិកជនខ្មែរ នៅទីនោះស្រាប់។ ក្រៅពីច្រៀងសម្តែង នៅពេលទំនេរ សោភា ត្រូវបានលោករ៉ាដា និងក្រុមគ្រួសារខាងស្វាមីរបស់នាង បានជូនដំណើរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានជាច្រើនកន្លែងផងដែរ ទើបធ្វើឱ្យតារារូបនេះមានអារម្មណ៍ស្រស់ថ្លាជាខ្លាំង ព្រោះតែនេះជាឱកាសនៃការសាងអនុស្សារីយ៍ រវាងនាងនិងស្វាមី ឱ្យកាន់តែរឹងមាំថែមទៀត ក្រោយរួមរស់ជាមួយគ្នា១១ឆ្នាំមក។

ព័ត៌មានបានឱ្យដឹងថា ដោយសារអ្នកណាក៏ដឹងថា សោភា មានគូស្នេហ៍ទៅហើយ គឺលោករ៉ាដា ជាគ្រូពេទ្យនៅកាណាដា នោះ ទើបប្រុសៗអាណិកជនខ្មែរ នៅកាណាដា មិនហ៊ានសុំស្នេហ៍តារាចម្រៀងល្បីឈ្មោះនេះ ដូចតារាស្រីៗមួយចំនួនទៀត ដែលចេញទៅច្រៀងនៅបរទេសឡើយ។ ប្រុសអាណិកជនខ្មែរ នៅកាណាដា និយាយថា សោភា យកអង្គរក្ស (រ៉ាដា) តាមជាប់ជានិច្ច អ៊ីចឹងតើអ្នកណាទៅហ៊ានចូលជិតទៅ ?

ទោះជាយ៉ាងណាមិនមែនតែការសម្តែងនៅក្រៅស្រុកទេ ដែលមាស សុខសោភា ត្រូវបានគូស្នេហ៍លោករ៉ាដា តាមស្អិតគ្រប់ពេលនោះ គឺសម្រាប់ការច្រៀងសម្តែងនៅក្នុងស្រុកវិញ ក៏លោកគ្រូពេទ្យ រ៉ាដា តែងតាមអ្នកចម្រៀងរូបនេះគ្រប់ពេលដែរ ដោយមានពេលខ្លះ អាណិកជនខ្មែរ នៅកាណាដា រូបនេះ ថែមទាំងយួរសម្លៀកបំពាក់តាមឆាកឱ្យសោភា ទៀតផង ដែលចំណុចទាំងនេះហើយ ធ្វើឱ្យសោភា រឹតតែបាក់ចិត្តស្រលាញ់លោកគ្រូពេទ្យកាន់តែខ្លាំងឡើងៗ។

តាមរយៈការកើបលុយធំនៅកាណាដា រយៈពេល៣ខែ របស់មាស សុខសោភា នេះ ត្រូវបានគេប្រមាណថា សោភា នឹងរកប្រាក់ចំណូលបានមិនក្រោម១០ម៉ឺនដុល្លារឡើយ ព្រោះថា តម្លៃខ្លួននាងច្រៀងក្នុងស្រុក ក្នុងមួយកម្មវិធី ស៊ីថ្លៃ ៣ពាន់ដុល្លារទៅហើយ ហេតុនេះហើយ បើចេញក្រៅរកចំណូលបានទាបជាងក្នុងស្រុក ច្បាស់ជានាងមិនចេញទៅឡើយ។

ការទៅសម្តែងនៅកាណាដា និងអាមេរិក លើកនេះរបស់ សោភា ធ្វើឱ្យគេសង្ស័យថា តារាថោន និង Camtrax រូបនេះ អាចនឹងវិលចូលស្រុកវិញ ដឹកដៃគូស្នេហ៍ចូលរោងការជាមិនខាន ព្រោះថា ពេលនេះតារាចម្រៀងជាគូប្រជែងនាងជាច្រើនឆ្នាំ គឺឱក សុគន្ធកញ្ញា បានសម្រេចចិត្តដឹកដៃលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស ក្រាបផ្ទឹមនៅថ្ងៃទី១៦ ខែឧសភា នេះហើយ ខណៈដែលសោភា ថា នាងមានអារម្មណ៍សោកស្តាយដែលមិនបានចូលរួមមង្គលការរបស់សុគន្ធកញ្ញា៕

