ស្រីស្អាតរ៉ាប៊ី ដែលទើបតែទិញវីឡាតម្លៃ១៥ម៉ឺនដុល្លារ នៅបុរីប៉េងហួត (បឹងស្នោ) ហើយនាងស្ថិតក្នុងចំណោមតារាស្រីជាង១០ដួងទៀត ដែលមានផ្ទះវីឡារស់នៅសម្រាប់ឆ្នាំ២០១៩នេះ ត្រូវបានអ្នកសិល្បៈជិតស្និទ្ធជាច្រើន ដេញដោលសួរ ព្រោះថាមុននេះ នាងទើបទិញផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លារសោះ ឥឡូវស្រាប់តែលោតមកឆក់យកវីឡាយ៉ាងប្រណីតមួយទៀតទៅហើយ ដែលធ្វើឱ្យគេសង្ស័យថា អ្នកចម្រៀងថោន សាច់សខ្ចីនេះ មានប្រុសឧបត្ថម្ភ។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល រ៉ាប៊ី បែរជានិយាយតបទៅអ្នកតាមសួររឿងទិញវីឡានោះថា ពេលនេះ នាងកំពុងរស់នៅផ្ទះ “ខ្ទម” ទេ មានលុយឯណាទិញវីឡាដូចគេទៅវិញ។

វាចារបស់ម្ចាស់បទ “លុយ លុយ លុយ” រ៉ាប៊ី នៅពេលនេះបញ្ជាក់ថា នាងមិនចង់ឱ្យគេផ្អើលរឿងមានទ្រព្យយ៉ាងរហ័សបែបនេះឡើយ ព្រោះពិបាកប្រឈមរឿងគេសង្ស័យមានប្រុសជួយចិញ្ចឹម បើទោះជាកន្លងមក នាងធ្លាប់ប្រកែកឡើងរួយមាត់ទៅហើយថា លុយទាំងនោះកើតចេញពីកម្លាំងញើសឈាមរបស់នាងសុទ្ធសាធក្តី ប៉ុន្តែអ្នកខ្លះនៅតែដាក់ការសង្ស័យថា វាមិនដែលច្រៀងទើប២ឆ្នាំសោះ មានលុយកន្លះលានដុល្លារនោះទេ។

យ៉ាងណា រ៉ាប៊ី ធ្លាប់អះអាងប្រាប់អ្នកយកព័ត៌មានយើងថា គ្រាន់តែបទ “មាន់ស្រែ” នាងរកប្រាក់ចំណូលពីការច្រៀងកម្មវិធីផ្សេងៗបាន១០ម៉ឺនដុល្លារ ហើយតាំងពីចេញបទ “លុយ លុយ លុយ” និង “ម៉ែជេរ” មកនាងរកប្រាក់ក្នុង១ខែៗ មិនក្រោម១ម៉ឺនដុល្លារឡើយ។

អតីតពិធីការិនីហង្សមាស រូបនេះ អះអាងថា រឿងមានប្រុសចង់តាមស្រលាញ់ ចង់ចិញ្ចឹម ចេះតែមានហើយ តែសំខាន់នៅលើខ្លួនយើងទេ ហើយពេលនេះ នាងគ្មានប្រុសណានៅក្រោយខ្នងឡើយ៕
