តារាចម្រៀងសំឡេងស្អករបស់ផលិតកម្មថោន លោកប៉ុន សុណារិន្ទ ហៅខេម ពេលនេះរកបានម្ចាស់ស្នេហ៍បណ្តូលចិត្តហើយ គឺជាស្រីស្អាតម្នាក់ រស់នៅប្រទេសបារាំង។

មានពេលខ្លះគេឃើញសង្សាររបស់លោកខេម ថែមទាំងបានព្រមានប្រុសៗមួយចំនួន ដែលឆាតទៅសុំស្នេហានាងទៀតផង ដោយនាងថាធុញទ្រាន់ខ្លាំង ហើយនាងចង់បញ្ជាក់ប្រាប់ទៅប្រុសៗទាំងនោះថា ពេលនេះនាងមានម្ចាស់បេះដូងហើយ តែមិនប្រាប់ថាអនាគត ស្វាមីរបស់នាងជាអ្នកណាឡើយ បើទោះជាអ្នកសិល្បៈជាច្រើនបានដឹងថា បុរសនោះគ្មានពីណាក្រៅពីលោកខេម ក៏ដោយ។

ចំណែកតារាចម្រៀងខេម នៅពេលដែលអ្នកយកព័ត៌មានយើងបានសួរផ្ទាល់នៅថ្ងៃឡើងយន្តហោះទៅច្រៀង សម្តែងនៅប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ អ្នកចម្រៀងថោន រូបនេះ ហាក់មិនចង់និយាយរឿងស្នេហាទេ និងនិយាយរដាក់រដុប ហើយចង់ឱ្យតែសួររឿងផ្សេង ក្រៅពីស្នេហាទៅវិញ។

ខេម ថា “អុញ! សួររឿងស្អីចឹងបង? សួររឿងអីផ្សេងវិញទៅ… ស្នេហាអីឯណា គ្នាអត់ដែលមានផង ហ្នឹង ពិបាកនិយាយដែររឿងស្នេហា បើសួររឿងច្រៀង សម្តែង ល្អជាង…”។
ខេម និយាយទៀតថា ពេលនេះលោកគ្មានគម្រោងរៀបការឆាប់ៗទេ ព្រោះថាជីវភាពនៅមិនទាន់ល្អប្រសើរ ហើយបញ្ជាក់ថា អត់ទាន់មានអីគ្រប់គ្រាន់នៅឡើយ។

ទោះជាយ៉ាងណា ខេម ថា លោកមិនមែនខ្លាចរឿងរៀបការទេ គឺមកពីមិនទាន់ដល់ពេលវេលា ព្រោះមនុស្សម្នាក់ៗមិនអាចគេចរឿងរៀបការបានរហូតទេ ហើយសម្រាប់លោកជាតារាចម្រៀង ការរៀបការនឹងមិនធ្វើឱ្យធ្លាក់កូដឡើយ។
តាមព័ត៌មានថា ថ្មីៗនេះដែរ សង្សារលោកខេម បានចុះមកស្រុកខ្មែរ រយៈពេលខ្លី ហើយនាងមានគម្រោងឡើងច្រៀងនៅប៉ុស្តិ៍ CTN ផងដែរ។

ប្រភពបានឱ្យដឹងថា មុននឹងហោះទៅបារាំងវិញ សង្សារលោកខេម នឹងឆ្លៀតដើរកម្សាន្តជាមួយតារាចម្រៀងរូបនេះ នៅតំបន់ទេសចរណ៍ក្នុងស្រុកជាច្រើន ដើម្បីរឹតចំណងស្នេហាឱ្យកាន់តែរឹងមាំថែមទៀត។ ដោយឡែក តារាចម្រៀងខេម វិញ កន្លងមកលោកធ្លាប់តែចេញទៅដើរលេងនៅប្រទេសបារាំង ជាច្រើនខែដែរ មិនមែនទាក់ទងដល់ការច្រៀងសម្តែងឡើយ ហើយពេលនេះ ទើបគេដឹងច្បាស់ថា តាមពិត លោកខេម ទៅបារាំងញឹកញាប់ ដោយសារមានកំពូលស្នេហ៍នៅទីនោះសោះ។

យ៉ាងណា អ្នកសារព័ត៌មានយើងនឹងព្យាយាមទាក់ទងទៅនារីជាគូស្នេហ៍លោកខេម ដើម្បីបកស្រាយលម្អិតពីចំណងស្នេហានេះ៕