Tuesday, September 16, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត បើកឆាកតន្ត្រីឡើងភ្ញាក់ផ្អើល ក្រោយធ្វើបុណ្យប្អូនចប់

ខេមរៈ សិរីមន្ត បើកឆាកតន្ត្រីឡើងភ្ញាក់ផ្អើល ក្រោយធ្វើបុណ្យប្អូនចប់

ខេមរៈ សិរីមន្ត បានដោះអាវបង្ហាញសាច់ដុំធំៗ និងរូបសាក់សត្វខ្លាលើចង្កេះច្រៀងលើឆាកតន្ត្រី Carabao Tour Concert ២០១៩ នៅកោះពេជ្រ កាលពីរាត្រីថ្ងៃទី៥ ខែឧសភា ដែលនេះជាការចាប់កាន់ក្បាលមីក្រូជាលើកដំបូង បន្ទាប់ពីសិរីមន្ត ផ្អាកច្រៀងរាំរយៈពេល១០០ថ្ងៃ ដោយសារកាន់ទុក្ខប្អូនស្រីខេមរៈ ស្រីពៅ ដែលទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

បទ “Sad Man” ត្រូវបានសិរីមន្ត យកមកបកស្រាយ ហើយតារាហង្សមាសរូបនេះ បញ្ចោញសាច់ដុំសិចស៊ីធំ បន្ទាប់ពីសម្ងំហាត់ប្រាណជាច្រើនខែ អំឡុងពេលកាន់ទុក្ខប្អូនស្រីរបស់ខ្លួនរយៈពេលជាង៣ខែនេះ។

សិរីមន្ត ក៏បានបង្ហាញក្បាច់រាំយ៉ាងរស់រវើកផងដែរ ដែលនេះបញ្ជាក់ថា តារាកូន៣រូបនេះ ហាក់ស្បើយអារម្មណ៍បានខ្លះៗហើយ ពីការកាន់ទុក្ខប្អូនស្រីរបស់លោកកញ្ញាខេមរៈ  ស្រីពៅ ដែលទទួលមរណភាពនៅប្រទេសឥណ្ឌា ត្រឹមអាយុ២៨ឆ្នាំ ដោយជំងឺក្រលៀន និងការប្រើប្រាស់ថ្នាំខុសនោះ។

គួរបញ្ជាក់ថា មុនឡើងឆាកតន្ត្រីច្រៀងរាំ និងដោះអាវលើឆាកតន្ត្រីនេះ ខេមរៈ សិរីមន្ត ក៏បានរៀបចំធ្វើបុណ្យដារពិស្តារ និងគម្រប់ខួប១០០ថ្ងៃជូនសពខេមរៈ ស្រីពៅ នៅមុនឡើងឆាកមួយថ្ងៃដែរ ពោលគឺនៅថ្ងៃទី៤ ឧសភា ដែលពិធីបុណ្យនេះរៀបចំនៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សិរីមន្ត ក៏បានដង្ហែធាតុប្អូនស្រីទៅតម្កល់នៅវត្តជោតនារាមគរ ខេត្តកំពង់ចាម ដែរ។

ដោយឡែក យោងតាមតារាសិល្បករដែលបានទៅចូលរួមបុណ្យសពខេមរៈ ស្រីពៅ ១០០ថ្ងៃ បានឱ្យដឹងថា សិរីមន្ត បានយល់សប្តិថា ស្រីពៅ បានមកប្រាប់លោកថា នាងបានទៅដល់ឋានសួគ៌ហើយ។

ខេមរៈ សិរីមន្ត បានផ្អាកឡើងឆាក១០០ថ្ងៃ ដើម្បីកាន់ទុក្ខប្អូនស្រីនេះធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងថា លោកបានលុបចោលកុងត្រា ហើយមិនច្រៀងវិញ ដោយទូទាត់សងប្រាក់កក់ទៅគេវិញជាង៤០កម្មវិធី  គឺមានន័យថា តារាហង្សមាសបានខាតលុយធំរហូតជាង១០ម៉ឺនដុល្លារឯណោះ ព្រោះសិរីមន្ត ច្រៀង១កម្មវិធី ស៊ីថ្លៃចាប់ពី៣ពាន់ដុល្លារឡើង។

យ៉ាងណាសកម្មភាពរបស់សិរីមន្ត ដែលកាន់ទុក្ខប្អូនស្រី ខេមរៈ ស្រីពៅ ដោយមិនច្រៀងរាំ១០០ថ្ងៃនេះ ត្រូវបានមហាជនជាច្រើនសម្តែងការសរសើរ និងគាំទ្រនូវទឹកចិត្តតារាចម្រៀងរូបនេះផងដែរ ព្រោះជាធម្មតា មនុស្សមានទុក្ខ មិនអាចទៅច្រៀងរាំសប្បាយភ្លាមៗបានទេ៕

RELATED ARTICLES