តារាចម្រៀងថោន ប៉ុន សុណារិន្ទ ហៅខេម ត្រូវបានគេសង្ស័យថា បានរៀបការប្រពន្ធស្ងាត់ៗនៅបារាំងបាត់ទៅហើយ ទើបកន្លងមក អ្នកចម្រៀងសំឡេងស្អករូបនេះ ចេញចូលទឹកដីបារាំង ងាយដូចទៅផ្សារធំថ្មី ហើយទៅដើរលេងរាប់ខែ ដោយពេលខ្លះមិនមានការច្រៀងសម្តែងឡើយ ព្រោះខេម មានម្ចាស់ចិត្តនៅទីនោះ។

យ៉ាងណា ក្នុងជំនួបផ្ទាល់ជាមួយខេម កាលពីថ្ងៃទី១៨ ខែមេសា មុនពេលខេម ឡើងយន្តហោះចេញទៅច្រៀងនៅកូរ៉េនោះ តារាចម្រៀងដែលធ្លាប់មានប្រវត្តិកម្សត់រត់ម៉ូតូឌុប និងដេកតាមសួនច្បារនោះ បានអះអាងថា ប្រសិនបើលោកបានរៀបការមែន ប្រហែលជាមិនអាចលាក់បាំងមនុស្សទាំងឡាយបានទេជា ពិសេស គឺអ្នកកាសែតតែម្តង។

ប៉ុន្តែ ខេម ហាក់ឆ្លើយរដាក់រដុបរឿងមានប្រពន្ធនេះ ដោយបញ្ជាក់ថា ពេលនេះរូបគេមិនទាន់មានអ្វីៗគ្រប់យ៉ាង និងត្រូវកំណត់ពេលវេលាចូលរោងការឱ្យបានច្បាស់លាស់ ដូចតារារួមអាជីពនោះឡើយ។

ទោះជាយ៉ាងណា តាមរយៈការសម្ភាសន៍របស់អ្នកយកព័ត៌មានយើងជាមួយតារាចម្រៀងម្នាក់ឈ្មោះ Sovan Molika Bella ដែលដំបូងអះអាងថា ជាសង្សារលោកខេម ហើយបានស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ នោះ បែរជានាងនិយាយបង្វែងដានថា ប្រពន្ធរបស់ខេម ត្រូវជាប្អូនស្រីរបស់នាងឈ្មោះ “អាកា” នៅបារាំង មិនមែនជារូបនាងនៅអូស្ត្រាលី ឡើយ។

ការថ្លែងបែបនេះបញ្ជាក់ថា ខេម ពេលនេះពិតជាមានគូស្នេហ៍នៅបារាំង មែនហើយ បើទោះជារូបគេប្រឹងលាក់បាំងរឿងមានប្រពន្ធយ៉ាងណា ក៏លែងអាចបិទបាំងជិតទៀតដែរ។

មហាជនមួយចំនួនបានលើកឡើងថា ការដែលខេម មិនហ៊ានលាតត្រដាងរឿងមានប្រពន្ធដូចនី រតនា និងសៅ ឧត្តម នៅពេលនេះ អាចមកពីតារាថោន នេះ ខ្លាចធ្លាក់កូដ។

ប៉ុន្តែខេម ថា អ្នកណាក៏ត្រូវតែមានប្រពន្ធកូនដែរ ហើយការមានប្រពន្ធគ្មានអ្វីធ្លាក់កូដនោះទេ គ្រាន់តែពេលនេះលោកមិនទាន់ដល់វេលាត្រូវបង្ហាញប៉ុណ្ណោះ៕