ក្រោយពីបានស្រលាញ់គ្នា៤ឆ្នាំ នៅទីបំផុត តារាសម្ដែងស៊ីណាវ៉ាត់ត្រា បានសម្រេចចិត្តដឹកដៃនារីកំពូលស្នេហ៍កញ្ញាសឿន ស្រីវីន ភ្ជាប់ពាក្យនៅថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ ហើយប៉ុន្ដែមិនទាន់មានគម្រោងរៀបការច្បាស់លាស់ឡើយ។

លោកស៊ីណាវ៉ាត់ត្រា បានឲ្យដឹងថា អនាគតភរិយារបស់លោកជាអ្នករកស៊ី ហើយមូលហេតុដែលលោកត្រូវតែចូលរោងការជាមួយនាងដោយសារតែកញ្ញាស្រីវីន ស្រលាញ់ក្រុមគ្រួសាររបស់លោក ដូចដែលលោកបានស្រលាញ់ក្រុមគ្រួសាររបស់នាងដែរ។ ប៉ុន្តែការកំណត់ថ្ងៃមង្គលការនោះ មិនទាន់ច្បាស់លាស់ទេ ហើយមិនទុកយូរ នាំតែជូរផ្អូមនោះទេ ព្រោះក្រុមគ្រួសារទាំងសងខាងបានឯកភាពគ្នាអស់ហើយ គឺចង់ឲ្យលោកនិងសង្សាររៀបការឆាប់ៗនេះ។

ថ្វីត្បិតថ្ងៃមង្គលការនៅមិនយូរទៀតមែន ប៉ុន្តែលោកស៊ីណាវ៉ាត់ត្រា ថា នឹងបោះបង់អាជីពសិល្បៈចោលនោះទេ គឺលោកនៅបន្ដថត MV ជាធម្មតាដូចមុន ព្រមទាំងត្រៀមថតភាពយន្ដផងដែរ។

តារាដែលធ្លាប់មានប្រវត្តិកម្សត់ជាក្មេងកំព្រាឪពុក តាំងពីនៅផ្ទៃម្ដាយ និងមានប្រវត្តិជាក្មេងដើរទួលនំកង លក់តាមផ្សារ អះអាងថា អនាគតភរិយារបស់លោកមិនហាមឃាត់លោករឿងចូលសិល្បៈឡើយ ព្រោះនាងចូលចិត្ត និងស្រលាញ់សិល្បៈដែរ ប៉ុន្ដែដោយសារប្រាក់ចំណូលសិល្បៈមានកម្រិត ទើបលោកគ្រោងបង្កើតអាជីវកម្មអ្វីមួយ ក្រោយពេលរៀបការរួច៕


