ឱក សុគន្ធកញ្ញា បានដឹកដៃស្វាមីលោកអ៊ឹង សុខលី ទៅដល់ទឹកដីប្រទេសបារាំង ហើយដើម្បីកម្សាន្ដសប្បាយក្រេបចន្ទទឹកឃ្មុំ (Honey Moon) បន្ទាប់ពីពួកគេបានរៀបការហើយ រយៈពេល១សប្ដាហ៍គត់។
សុគន្ធកញ្ញា បានថ្លែងថា នេះជាលើកទី៣ហើយ ដែលនាងជិះយន្ដហោះទៅលេងប្រទេសបារាំង គឺលើកទី១. ជាមួយម្ដាយ, លើកទី២. ជាមួយប្អូនស្រី និងលើកទី៣. ជាមួយស្វាមីដែលពោរពេញទៅដោយក្ដីស្រលាញ់ ហើយផ្ដល់ភាពកក់ក្ដៅឲ្យនាងពេញបេះដូង។

អ្នកគាំទ្រសុគន្ធកញ្ញា ជាច្រើនបានអបអរសាទរចំពោះតារាចម្រៀងហង្សមាស ដែលបង្ហាញពីភាពផ្អែមល្ហែមជាមួយស្វាមី តាមរយៈដំណើរកកម្សាន្ដក្រេបចន្ទទឹកឃ្មុំ រយៈពេលខ្លីនៅលើទឹកដីបារាំង នេះ។

សុគន្ធកញ្ញា បានបង្ហាញទីតាំងដែលនាងបណ្ដើរស្វាមី ទៅកៀកកើយនោះ មានដូចជា នៅប៉មតួអេសហ្វែល ហើយនាងនិងប្ដីស្នាក់នៅសណ្ឋាគារ DAMANTIN នៅទីក្រុងប៉ារីស។
តាមរយៈស្នាមញញឹមឱបប្ដីជាទីស្រលាញ់ បញ្ជាក់ថា ពេលនេះ ជាថ្ងៃដែលនាងមានសេចក្ដីសុខបំផុតក្នុងជីវិត ខណៈដែលក្រោយរៀបការហើយភ្លាមៗ សុគន្ធកញ្ញា បានសច្ចារថា នាងនឹងស្រលាញ់ប្ដីគ្មានថ្ងៃប្រែប្រួលចិន្ដាឡើយ។

ការចេញទៅទៅសាសងស្នេហ៍ ក្រោយរៀបការនៅលើទឹកដីបារាំង នេះ ត្រូវបានអ្នកកគាំទ្រសុគន្ធកញ្ញា ជូនពរឲ្យតារារូបនេះមានកូនង៉ែតបីប្រលែងលេងឆាប់ៗផងដែរ បន្ទាប់ពីមុននេះ តារាកំប្លែងជើងចាស់ នាយក្រឹម បានទៅខ្សឹបដាក់ត្រចៀកសុគន្ធកញ្ញា និងលោកសុខលី ដោយឲ្យយោបល់ថា យកកូនម្ដង២ (ភ្លោះ) ដូចលោកតែម្ដងទៅ កុំឲ្យពិបាកបង្កើតច្រើនដង ប៉ុន្តែជាចម្លើយសុគន្ធកញ្ញា និងប្ដី បានតបទៅនាយក្រឹម វិញថា ពួកគេមិនមែនចង់បានភ្លោះទេ គឺចង់បានម្ដង៣ ដែលការតបទៅវិញបែបនេះ ធ្វើឲ្យនាងក្រឹម ដើរចេញ ទាំងលែងហ៊ានឲ្យយោបល់ទៀត។
ឱក សុគន្ធកញ្ញា បានដឹកដៃលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន រៀបការកាលពីថ្ងៃទី១៦ ខែឧសភា នៅសណ្ឋាគារសុខាភ្នំពេញ ដែលជប់លៀងដល់ទៅ២០០តុ ហើយក្នុង១តុ តម្លៃជាង៥០០ដុល្លារ គឺសរុបអស់លុយជាង១០ម៉ឺនដុល្លារ។

មង្គលការឱក សុគន្ធកញ្ញា ហាក់ត្រូវបានមហាជននិងតារាសិល្បករជាច្រើន ចាប់អារម្មណ៍ច្រើនជាងតារាផ្សេងៗទៀត ព្រោះមានការតុបតែងឆាកយ៉ាងប្រណីត ហើយថែមទាំងមានសម្ដេចនាយករដ្ឋមន្រ្ដី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមន្រ្ដីធំៗរបស់រដ្ឋាភិបាលមួយចំនួនទៀត បានចូលរួមផងដែរ។
យ៉ាងណា សាច់ញាតិរបស់សុគន្ធកញ្ញា មិនប្រាប់ឲ្យដឹងឡើយថា តើក្រោយរៀបការសុគន្ធកញ្ញា បានចំណងដៃប៉ុន្មាននោះ ព្រោះពួកគេថា មិនចង់និយាយរឿងនេះ។

ដោយឡែក តាមប្រភពមួយបានឲ្យដឹងថា នៅថ្ងៃរៀបការនោះ សុគន្ធកញ្ញា ត្រូវបានក្រុមការងារហង្សមាស ថតវីដេអូដោយសម្រិតសម្រាំងបំផុត ព្រោះរូបភាពអាពាហ៍ពិពាហ៍របស់នាងនិងស្វាមី នឹងយកទៅបង្ហោះលើយូធូប ដើម្បីទាញចំណូលមកវិញ ហេតុនេះហើយ ទោះជាចំណាយលុយរៀបការអស់ប៉ុន្មាន ក៏ពួកគេមិនខ្វល់ឡើយ។

ជំនួយការឱក សុគន្ធកញ្ញា បានបង្ហើបឲ្យដឹងកាលពីថ្ងៃទី២៣ ខែឧសភា ថា សុគន្ធកញ្ញា ទៅដើរលេងជាមួយប្ដីនៅបារាំង រយៈពេលខ្លីទេ ព្រោះនាងមានការងារនៅក្នុងស្រុកជាច្រើនត្រូវធ្វើ ដោយសារបានកុងត្រាជាមួយក្រុមហ៊ុនមួយចំនួនហើយ។ ប៉ុន្ដែពួកគេមិនដឹងថា សុគន្ធកញ្ញា នាំប្ដីមកស្រុកមកវិញ នៅថ្ងៃណាទេ ខណៈដែលមុនរៀបការ សុគន្ធកញ្ញា ធ្លាប់ដឹកដៃប្ដីទៅសាសងស្នេហ៍នៅប្រទេសជប៉ុន , ចិន និងកោះម៉ាល់ឌីវ ជាដើម។

អ្នកគាំទ្រសុគន្ធកញ្ញា និយាយថា មុនរៀបការសុគន្ធកញ្ញា កម្របង្ហាញរូបភាពកៀកកើយជាមួយប្ដីណាស់ ប៉ុន្តែពេលរៀបការហើយ ផ្អែមល្ហែមជាងប្ដីប្រពន្ធតារាផ្សេងៗទៀតផង៕