គៀត សុវណ្ណាឡាង បានបញ្ចោញកំហឹងជាលើកដំបូងដាក់អ្នកកាសែត កាលពីពេលថ្មីនេះ ដោយសារនាងឆេះដុំត្រូវអ្នកសារព័ត៌មានផ្សព្វផ្សាយថា នាងជាគូដណ្តឹងរបស់លឹម ជាឡាយ ដែលពួកគេបានសំអាងថា ជាសាររបស់សុវណ្ណាឡាង បង្ហាញលើបណ្តាញសង្គម។
នៅពេលនេះ ស្រីស្រស់រូបនេះមិនទាន់បាត់ក្តៅចិត្តរឿងគេថា ជាឡាយ ជាអនាគតស្វាមីរបស់នាងឡើយ ហើយនាងថែមទាំងលែងហ៊ានបណ្តើរជាឡាយ ដូចមុនទៀតផង…។

បើទោះជាស្រីស្អាតគៀត សុវណ្ណាឡាង ធ្លាប់ឡាយវីដេអូឱបថើបគ្នាជាមួយលោកលឹម ជាឡាយ ដើម្បីបង្ហាញដល់មហាជនថា ពួកគេស្រលាញ់គ្នាស្ទើរលេបមែន ប៉ុន្តែថ្មីៗនេះ អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានប្រតិកម្មដោយឆេះដុំជាខ្លាំងដាក់អ្នកកាសែត ដោយនាងថែមទាំងបានដាក់ទំនាយឱ្យអ្នកសរសេររឿងនាងថា ជាគូដណ្តឹងរបស់លឹម ជាឡាយ ទទួលការឈឺចាប់ជំនួសនាងទៀតផង។

ការក្តៅចុងច្រមុះខ្លាំងរបស់សុវណ្ណាឡាង នៅពេលនេះ ព្រោះតែនាងភ័យខ្លួន ខ្លាចគេគ្រប់គ្នាយល់ថា រូបនាងជាគូដណ្តឹងរបស់ជាឡាយ ហើយលែងមានប្រុសណាស្រលាញ់ ទើបធ្វើឱ្យតារាកូនកាត់ចិនរូបនេះ ប្រើសម្តីមិនសមរម្យមួយចំនួន ទៅលើក្រុមអ្នកសារព័ត៌មាន បើទោះជាសារនៅលើហ្វេសប៊ុករបស់នាង ដែលសរសេរបញ្ជាក់ច្បាស់ប្រាប់ដល់អ្នកគាំទ្រថា នាងជាគូដណ្តឹងរបស់ជាឡាយ ក៏ដោយ។

គៀត សុវណ្ណាឡាង និយាយទាំងមួម៉ៅថា “ខ្ញុំមិនបានសរសេរសារនោះ ដោយខ្លួនឯងទេ គឺមានអ្នកគាំទ្ររបស់ខ្ញុំ គេសរសរវា។ ខ្ញុំសូមឱ្យអ្នកកាសែតណាសរសេរថា ខ្ញុំហ្នឹងគូដណ្តឹងរបស់លឹម ជាឡាយ ទទួលយកការឈឺចាប់ជំនួសខ្ញុំចុះ! អ្នកឯងធ្វើអ៊ីចឹង ដឹងខ្ញុំលែងមានគេស្រលាញ់អត់? ខ្ញុំខ្លាច “អេ” ដែរណា៎! ចាប់ពីថ្ងៃនេះតទៅ ខ្ញុំសូមប្រកាសថា ខ្ញុំមិនបានស្រលាញ់ជាឡាយ ទេ!”។

ការប្រតិកម្មស្នេហ៍របស់គៀត សុវណ្ណាឡាង លើប្រុសរូបសង្ហាលឹម ជាឡាយ នៅពេលនេះ នាំឱ្យមានការសង្ស័យថា តារាសាច់សខ្ចីរូបនេះអាចមានជម្រើសស្នេហ៍ប្រុសផ្សេង ក្រៅពីជាឡាយ ហើយបុរសនោះប្រចណ្ឌនាងខ្លាំង ទើបបានសុវណ្ណាឡាង មិនប្រណីមាត់ចំពោះអ្នកកាសែតនៅពេលនេះ។ ប៉ុន្តែសុវណ្ណាឡាង មិនបានបញ្ជាក់ថា តើបុរសណាទៅនាំឱ្យនាងឆេះដុំដល់ម៉្លឹងឡើយ។

គៀត សុវណ្ណាឡាង បានបរាជ័យអាជីពចម្រៀងនៅហង្សមាស ហើយរត់មករកស្តារមុខមាត់ថតសម្តែងសាជាថ្មីឡើងវិញ ហើយដោយសារតែនាងប្រឹងសម្រុកថតកុនខ្លាំងពេក ទើបធ្វើឱ្យស្បែកខ្មៅជាងមុន ដែលតារាមួយចំនួនបានបង្អាប់នាងថា បាក់សម្រស់ទៀតផង។

ដោយឡែក តាំងពីគេច្រឡំសុវណ្ណាឡាង ជាគូដណ្តឹងរបស់ជាឡាយ មក ពេលនេះ គេឃើញស្រីស្រស់ដើរទៅចូលរួមកម្មវិធីតែម្នាក់ឯង លែងហ៊ានបណ្តើរគ្នាស្និទ្ធស្នាល ដូចមុនទៀតហើយ៕