ទឹកប្រាក់ចំនួន៨០លានរៀល ដែលសុទ្ធតែជាក្រដាសប្រាក់៥០០រៀល ត្រូវបានដឹកតាមរថយន្ដរបស់ថៅកែផលិតកម្ម Galaxy លោកឡេង ណាវ៉ាត់ត្រា យកជូនមន្ទីពេទ្យគន្ធបុប្ផា កាលពីរសៀលថ្ងៃទី២៣ ខែឧសភា អមដំណើរដោយតារាចម្រៀងខេម និងលោកហេង ឡុង ។

អ្នកតំណាងខាងមន្ទីពេទ្យគន្ធបុប្ផា បានចេញមកស្វាគមន៍យ៉ាងរីករាយ ដល់សប្បុរសជនដែលដឹកនាំដោយលោកឡេង ណាវ៉ាត់ត្រា ។

ថៅកែផលិតកម្ម Galaxy លោកឡេង ណាវ៉ាត់ត្រា បានឲ្យដឹងថា នេះជាលើកទី៣ហើយ ដែលលោកបានយកថវិកាមកជូនមន្ទីពេទ្យគន្ធបុប្ផា ដើម្បីសម្រួលដល់ការលំបាកខ្លះៗ និងជាការជួយដល់ជីវិតកុមារកម្ពុជា។ លោកថា លើកទីមួយ បានយកថវិកាមក៥០លានរៀល, លើកទី២ ចំនួន២ម៉ឺនដុល្លារ និងលើកទី៣ ចំនួន៨០លានរៀលនេះ ហើយការដែលយើងបានយកសុទ្ធតែក្រដាសប្រាក់រៀលខ្មែរ គឺដើម្បីលើកស្ទួយប្រាក់រៀលរបស់ខ្មែរយើង។ ចំពោះថវិការ៨០លានរៀលនេះ គឺបានមកពីការប្រមូលបានមកពីកម្មវិធីប្រគំតន្រ្ដីសប្បុរសធម៌នៅប្រទេសកូរ៉េ ចំនួន២០លានរៀល បូកថវិកាលោកផ្ទាល់ខ្លួន ចំនួន៦០លានរៀល។

ចំណែកតារាចម្រៀងខេម របស់ផលិតថោន បានឲ្យដឹងថា លោកក៏បានចូលរួមច្រៀងសម្ដែងនៅប្រទេសកូរ៉េ កន្លងមកដែរ ហើយពិតជារីករាយណាស់ដែលបងប្អូនពលករនៅទីនោះ បានផ្ញើថវិកាជួយគន្ធបុប្ផា។ សម្រាប់លោកកន្លងមកក៏ធ្លាប់បានចូលរួមជួយថវិកាដល់មន្ទីពេទ្យគន្ធបុប្ផា ផងដែរ គឺធ្វើទៅតាមលទ្ធភាព។ ក្នុងនាមលោកជាតារាចម្រៀងម្នាក់ លោកសូមអំពាវនាវដល់សិល្បករ និងមហាជនទូទៅ សូមឲ្យចូលរួមជួយមន្ទីពេទ្យគន្ធបុប្ផា ទៅតាមលទ្ធភាពទាំងអស់គ្នា ដើម្បីចូលរួមជួយដល់កុមារកម្ពុជាយើងទាំងអស់គ្នា។

មិនខុសពីលោកខេម ទេ លោកហេង ឡុង ជាគូស្នេហ៍អ្នកនាងចន ច័ន្ទលក្ខិណា ក៏បំផុសឲ្យសិល្បករ និងមហាជនទូទៅ ចូលរួមជួយដល់មន្ទីពេទ្យគន្ធបុប្ផា ទៅតាមអ្វីដែលពួកគេអាចធ្វើបានដែរ ព្រោះលោកថា ថវិកាទាំងនោះមានអត្ថប្រយោជន៍ណាស់ គឺវាអាចជួយសង្រ្គោះជីវិតកុមារកម្ពុជាបានរាប់ម៉ឺននាក់ ដែលទៅព្យាបាលមន្ទីពេទ្យមួយនេះ៕

