Wednesday, September 17, 2025
Homeតារាខ្មែរឌួង ហ្សូរីដា ប្ដេជ្ញាចូលរួមយ៉ាងសកម្ម ដើម្បីអភិរក្សដំរី ក្រោយក្លាយជាទូតសុច្ឆន្ទៈ

ឌួង ហ្សូរីដា ប្ដេជ្ញាចូលរួមយ៉ាងសកម្ម ដើម្បីអភិរក្សដំរី ក្រោយក្លាយជាទូតសុច្ឆន្ទៈ

ពិធីការិនីនិងជាម្ចាស់ហាង ”មុទិតា” កញ្ញាឌួង ហ្សូរីដា បានក្លាយជាទូតសុច្ឆន្ទៈប្រចាំសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ដែលតែងតាំងដោយប្រធានសមាគមអៃរាវត្ដា លោកស្រីក្លេ ខៃចិន្ដា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

លោកស្រីក្លេ ខៃចិន្ដា ប្រធានសមាគមអភិរក្សដំរីអៃរាវត្ដា បានប្រាប់អ្នកកាសែតថា កញ្ញាឌួង ហ្សូរីដា មានគុណសម្បត្តិគ្រប់គ្រាន់ និងស័ក្តិសមក្នុងការទទួលតំណែងជាទូតសុច្ឆន្ទៈនេះ ពិសេស គឺគាត់មានក្ដីស្រលាញ់ ហើយពេញចិត្តណាស់ ក្រោយយើងបានស្នើទៅគាត់ ទាក់ទងកិច្ចការមួយនេះ។

លោកស្រី ក្លេចិន្ដា បានបន្ថែមផងដែរថា ហ្សូរីដា ធ្លាប់ជួយថវិកាផ្ទាល់ខ្លួន និងមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយសមាគម ហើយគាត់បានលះបង់ពេលវេលាជួយធ្វើពិធីការិនី និងរៃអង្គាសប្រាក់ជួយដល់សមាគមឲ្យផងដែរ។ ទោះជាយ៉ាងណា សម្រាប់រយៈពេលប៉ុន្មានឆ្នាំ ដែលកញ្ញាឌួង ហ្សូរីដា បម្រើការងារនេះ លោកស្រីនៅមិនទាន់កំណត់ទេ ដោយអះអាងថា អាស្រ័យទៅលើហ្សូរីដា​ផ្ទាល់ខ្លួនដែរ ព្រោះគាត់មានមមាញឹកការងារសិល្បៈ និងមុខជំនួញច្រើន។

ក្រៅពីបានតែងតាំងកញ្ញាឌួង ហ្សូរីដា ជាទូតសុច្ឆន្ទៈប្រចាំសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្ដា នោះ លោកស្រីក្លេ ខៃ ចិន្ដា ក៏បានធ្វើលិខិតថ្លែងអំណរគុណចំពោះហ្សូរីដា ដែលបានជួយធ្វើពិធីការិនីសម្របសម្រួលកម្មវិធីរាត្រីសប្បុរសធម៌ ដើម្បីប្រមូលថវិកាជួយដល់មូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្ដា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ផងដែរ​ដែលសមាគមនេះស្ថិតនៅក្រោមអធិបតីភាពខ្ពង់ខ្ពង់របស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឌួង ហ្សូរីដា ពេញចិត្តចំពោះតំណែងជាទូតសុច្ឆន្ទៈប្រចាំសមគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្ដា ហើយនាងថា នឹងចូលរួមយ៉ាងសកម្មជាបន្ដទៀត ដើម្បីជួយអភិរក្សដល់ដំរី ដែលត្រូវការការពារ និងសង្គ្រោះជាបន្ទាន់នេះ៕

RELATED ARTICLES